ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅហុងគ្រី និងចូលរួមសន្និសីទកំពូល ស្តីពី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេសតាជីគីស្ថាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 42
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅហុងគ្រី និងចូលរួមសន្និសីទកំពូល ស្តីពី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេសតាជីគីស្ថាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅហុងគ្រី និងចូលរួមសន្និសីទកំពូល ស្តីពី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេសតាជីគីស្ថាន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅសាធារណរដ្ឋតាជីគីស្ថាន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។

សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុង គ្រី ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់លោកឱ្យ នាយករដ្ឋមន្រ្តីហុងគ្រី វីកទ័រ អ័របាន (Viktor Orbán)នោះ លោកនាយករដ្ឋមន្រ្ដី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីនានា។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកសារពីរគឺ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខា។

ដោយឡែក សម្រាប់សន្និសីទកំពូល ស្តីពី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាន៖ លោកនាយករដ្ឋមន្រ្ដី នឹងថ្លែងសុន្ទរកថាគន្លឹះ និងមានជំនួបទ្វេភាគីតបតាមការអញ្ជើញរបស់ លោកឱ្យ អ៊ីម៉ូម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថាន និងជាប្រធានកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (5th CICA Summit) ពីឆ្នាំ២០១៨ ដល់២០២០។

នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA ។

ក្រៅពីកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោកឱ្យ អ៊ីម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនដែលអញ្ជើញមកពីប្រទេសសមាជិកផ្សេងទៀត។

CICA គឺជាវេទិកាពហុភាគីដែលមានវត្ថុបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួន ក្នុងវិស័យមួយចំនួនដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងពិភពលោក ទាំងមូល។ បច្ចុប្បន្ន សន្និសីទនេះ មានសមាជិកអចិន្រៃ្តយ៍ចំនួន ២៦ ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង