រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ទូរស័ព្ទមករដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ចប់ការថ្នាំងថ្នាក់ និង អះអាងថា សិង្ហបុរីគ្មានចេតនាការពារខ្មែរក្រហមឡើយ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ទូរស័ព្ទមករដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ចប់ការថ្នាំងថ្នាក់ និង អះអាងថា សិង្ហបុរីគ្មានចេតនាការពារខ្មែរក្រហមឡើយ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ទូរស័ព្ទមករដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ចប់ការថ្នាំងថ្នាក់ និង អះអាងថា សិង្ហបុរីគ្មានចេតនាការពារខ្មែរក្រហមឡើយ

ភ្លាមៗក្រោយពីការប្រតិកម្មដ៏ខ្លាំងក្លាពីលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានទូរស័ព្ទទៅកាន់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយបានសុំការយោគយល់អធ្យាស្រ័យ និងបញ្ជាក់នូវការភ័ន្តច្រឡំទាំងឡាយ។

បើយោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងនៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្នុងកិច្ចសំណេះសំណាលតាមរយៈទូរស័ព្ទនោះ លោករដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់អះអាងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ពុំមានចេតនាមិនល្អណាមួយក្នុងសារខាងលើនេះទេ។ សារនោះ គឺមានបំណងតែរំលឹកពីស្ថានភាព និងការប្រឈមក្នុងសម័យកាលនោះ ហើយក៏ធ្លាប់បានផ្សព្វផ្សាយជាសាធារណៈក្នុងពេលកន្លងមកដែរ។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានរំលឹកពីសេចក្តីប្រកាសរួមរបស់អាស៊ាននៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្នុងឆ្នាំ១៩៧៩ ដែលបានអះអាងពីសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាចំពោះអនាគតរបស់ខ្លួន។

លោករដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់ថា សិង្ហបុរីចង់បានតែសន្តិភាព និងវិបុលភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះ ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញទេ។ សូមកុំឱ្យមានការសង្ស័យអ្វីលើភាពស្មោះត្រង់នេះ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកឡើងថា ទោះបីប្រទេសទាំងពីរមានទស្សនវិស័យខុសគ្នាស្តីពីប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរនៅបន្តជាអ្នកជិតខាងល្អ ជាមិត្តដ៏ល្អនឹងគ្នា ហើយខិតខំបំភ្លេចអតីតកាល ដើម្បីបន្តរក្សាការសន្ទនា និងទំនាក់ទំនងល្អជាមួយគ្នាតទៅទៀត។

រដ្ឋមន្ត្រីការបរទេសទាំងពីរជឿជាក់ថា ជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល ASEAN នាពេលដ៏ខ្លីខាងមុខ នឹងផ្តល់ឱកាសឱ្យភាគីទាំងពីរយល់គ្នាឱ្យកាន់តែច្បាស់រួមគ្នាពង្រឹងថែមទៀតនូវចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជានិងសិង្ហបុរី ក៏ដូចជាជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីសន្តិភាព ស្ថេរភាព និងការរីកចម្រើនក្នុងតំបន់ និងពិភពលោក។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ដែរថា កម្ពុជាប្រកាន់ជំហរមិនឆ្កឹះអតីតកាលដើម្បីបង្កអន្តរាយដល់បច្ចុប្បន្នកាល និងទៅអនាគតឡើយ។ ប្រទេសទាំងពីរខិតខំរួមគ្នាធ្វើការជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយឯកភាព និងរឹងមាំ ដែលនេះគឺជាបំណងប្រាថ្នារបស់មេដឹកនាំ និងប្រជាជនអាស៊ានទាំងមូល។

សូមបញ្ជាក់ថា ការនាំឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ទូរស័ព្ទភ្លាមមកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានេះ បន្ទាប់ពីមានប្រតិកម្មជាច្រើនពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្រសួងការបរទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាផងដែរ ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុងថា វៀតណាមបានចូលឈ្លានពានកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០ កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះ។

ប្រតិកម្មលើការលើកឡើងនេះ មិនត្រឹមតែកម្ពុជានោះទេ វៀតណាមក៏បានប្រតិកម្មផងដែរ។ ក្រសួងការបរទេសសិង្ហបុរីនៅថ្ងៃទី០៧ ខែមិថុនា នេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងប្រតិកម្មនេះផងដែរ។ បើតាមសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានទូរស័ព្ទទៅឧបនាយករដ្ឋមន្ត្រី Pham Binh Minh​ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមផងដែរ៕

 

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង