ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈពលរដ្ឋ៖ ក្រុមចលនាឧទ្ទាមក្រៅច្បាប់កំពុងដើរលើផ្លូវទៅកាន់ពន្ធនាគារ!

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 71
ទស្សនៈពលរដ្ឋ៖ ក្រុមចលនាឧទ្ទាមក្រៅច្បាប់កំពុងដើរលើផ្លូវទៅកាន់ពន្ធនាគារ! ទស្សនៈពលរដ្ឋ៖ ក្រុមចលនាឧទ្ទាមក្រៅច្បាប់កំពុងដើរលើផ្លូវទៅកាន់ពន្ធនាគារ!

ពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃប្រឆាំងនឹងអ្នកនយោបាយនៃអតីតបក្សសង្គ្រោះជាតិទៅតុលាការគឺជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលធ្វើឲ្យចលនាឧទ្ទាមក្រៅច្បាប់បង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី ២៨ មករា នៅទីក្រុងឡងប៊ិច សហរដ្ឋអាមេរិកនោះកាន់តែ វណ្ឌក ធ្ងន់ឡើងៗជាលំដាប់។

ពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលមានកម្មវត្ថុប្តឹង ស្ថាបនិក និងសមាជិកពេញសិទ្ធិនៃចលនាសង្រ្គោះជាតិខុសច្បាប់ ត្រូវបានតុលាការកំពុងស៊ើបអង្កេត និងចាត់វិធានការណ៍យ៉ាងតឹងរឹងបំផុត ដែលក្នុងនោះស្ថាបនិក និងសមាជិកពេញសិទ្ធិ នៃចលនាសង្រ្គោះជាតិរួមមាន៖ ទណ្ឌិត សម រង្ស៊ី ជាប្រធាន, លោក សុខា លី ជាអនុប្រធាន, លោក រី គា ជាអគ្គលេខាធិការ, លោក អូន ឈឹម, លោក សៀ ភារម្យ, លោក សូរី ប៉ុន និងបុគ្គលមួយចំនួនទៀត ព្រមទាំងអតីតសមាជិកគណបក្សសង្រ្គោះជាតិមួយចំនួនរួមមាន៖ លោកស្រី ជូឡុង ស៊ូមួរ៉ា, លោក ហូរ វ៉ាន់, លោក តុប វ៉ាន់ចាន់, លោក នុត រំដួល និងបុគ្គលមួយចំនួនដែលជាប់ពាក់ពន្ធ័។

នៅពេលដែលក្រុមគាំទ្រលោកកឹម សុខាភាគច្រើននៅរក្សាការស្ងាត់ស្ងៀមមិនហ៊ានបំពានសាលដីការតុលាការកំពូល បែរជាលោកសម រង្ស៊ី ដែលកំពុងមានឈ្មោះជាទណ្ឌិតស្រាប់ផងនោះ និងបក្ខពួកមួយក្តាប់តូចនៅបន្តផ្គើននឹងសាលដីការបស់តុលាការដោយបានបន្តធ្វើនយោបាយពីក្រៅប្រទេសក្នុងគោលបំណងបន្តបង្កអស្ថិរភាពនៅក្នុងសង្គមកម្ពុជាទៅវិញ។

ពាក្យបណ្តឹងនេះមិនត្រឹមតែសំដៅលើក្បាលម៉ាស៊ីនដឹកនាំចលនាក្រៅច្បាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក្រុមបក្ខពួក ខ្សែបណ្តាញចលនាសង្គ្រោះជាតិទាំងក្នុងនិងក្រៅប្រទេស ក៏ជាមុខព្រួញនៃការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចផងដែរ។ ក្រុមណា ឬជនណាដែលជាប់ពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិខុសច្បាប់នេះនឹងត្រូវសមត្ថកិច្ចវែកមុខ ហើយត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយមិនអាចគេចផុតឡើយ។ កុំថាឡើយតែអ្នកនៅក្នុងស្រុក សូម្បីទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលកំពុងភៀសខ្លួនទៅបរទេសហើយធ្វើសកម្មភាពខុសច្បាប់ក៏ពិបាកគេចផុតពីសំណាញ់ច្បាប់ដែរពីព្រោះអាជ្ញាធរកម្ពុជាច្បាស់ជាប្រើគ្រប់មធ្យោបាយដើម្បីនាំខ្លួនក្រុមឧទ្ទាមទៅផ្តន្ទាទោសឲ្យទាល់តែបានស្របតាមក្រមព្រហ្មទណ្ឌកម្ពុជា។

គេនៅចាំបានថា ឈុន យ៉ាសិទ្ធិ ដែលជាអនិកជនខ្មែរនៅអាមេរិក ហើយដែលបង្កើតចលនាប្រឆាំងរាជរដ្ឋាភិបាលស្រដៀងចលនាសង្គ្រោះជាតិដែរនោះ ទីបំផុតត្រូវបានអាជ្ញាធរអាមេរិកចាប់ផ្តន្ទាទោសដាក់ពន្ធនាគារតាមសំណើរបស់ភាគីកម្ពុជា។ សូមកុំភ្លេចថា សម័យនេះទៅហើយ ប្រទេសណាក៏ដោយ គេមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយទៀតឡើយ។ ដូច្នេះ ប្រសិនបើគេរកឃើញថា ចលនាសង្គ្រោះជាតិបានប្រព្រឹត្តផ្ទុយពីក្រមព្រហ្មទណ្ឌកម្ពុជាមែននោះ គេនឹងចាត់វិធានការជាមិនខាន។ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ឧទាហរណ៍មាត្រា ៤៥៣ បានចែងថា អំពើរួមគំនិតក្បត់គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្រឧបឃាត ពោលគឺ បើចលនានេះ ត្រូវបានសម្តែងចេញជារូបរាងច្បាស់លាស់ដោយអំពើជាក់ស្តែងណាមួយឬច្រើន។ ជនល្មើសអាចជាប់ពន្ធនាគារចន្លោះពី ៥ ដល់ ២០ឆ្នាំ។ មាត្រា ៤៥៧ ចែងពីទោសនៃអំពើកុប្បកម្ម មានទោសពី ៧ ទៅ ១៥ ឆ្នាំ។ ចំណែកមាត្រា ៤៧១ ចែងពីទោសញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់នឹងត្រូវមានទោសពី ២ទៅ ៥ឆ្នាំ និងមានផាកពិន័យជាប្រាក់ថែមទៀត។

គួរកត់សម្គាល់ថា ចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយលោក សម រង្ស៊ី មានគោលដៅបំផុសប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ឲ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់ឲ្យកងទ័ពមិនស្តាប់បញ្ជា គឺសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌទាំងអស់។ គោលបំណងរបស់ពួកគេគឺការបង្កចលាចលសង្គម បង្កើតជាអំពើហិង្សាបង្ហូរឈាម និងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយនៅក្នុងប្រទេសដើម្បីផ្តួលរំលំរដ្ធអំណាចស្របច្បាប់ដែលបង្កើតឡើងតាមលិទ្ធិប្រជាធិប្បតេយ្យនិងគោលការណ៍ច្បាប់។

លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា នឹងសហការណ៍ជាមួយបណ្តាប្រទេសនៅអាស៊ីដើម្បីនាំខ្លួនក្រុមនេះមកទទួលទោសតាមច្បាប់កម្ពុជាប្រសិនបើពួកគេហ៊ានមកជាន់ទឹកដីអាស៊ី។ មិនត្រឹមតែអាស៊ីទេ កន្លងទៅ សហរដ្ឋអាមេរិកក៏ធ្លាប់បានសហការណ៍ជាមួយកម្ពុជាក្នុងការចាប់ខ្លួន ឈុន យ៉ាសិទ្ធិ ទៅផ្តន្ទាទោសផងដែរ។

ម្យ៉ាងទៀត បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលមានគោលនយោបាយចម្បងគិតប្រយោជន៍សហរដ្ឋអាមេរិកជាធំ ហើយមិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះ ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ
សម រង្ស៊ី បន្តិចទៀតទំនងជាអាចគ្មានកន្លែងជ្រកទៀតទេ។ ដូច្នេះ សូមបងប្អូនដែលដើរតាម ឬដែលកំពុងចាញ់បោកក្រុមនេះត្រូវពិចារណាឡើងវិញជាបន្ទាន់ ដោយប្រញាប់ផ្តាច់ខ្លួនកុំឲ្យពាក់ព័ន្ធនឹងក្រុមនេះឲ្យសោះ។

តាមពិត ការបង្កើតចលនាសង្គ្រោះជាតិគឺជាមធ្យោបាយទ័លច្រករបស់ទណ្ឌិត សម រង្ស៊ី តែប៉ុណ្ណោះ។ ចលនានេះត្រូវបានបង្កើតឡើងយ៉ាងប្រញាប់ប្រញាល់ក្រោមការផ្តួចផ្តើមគំនិតរបស់លោក សម រង្ស៊ី ដោយគ្មានការពិគ្រោះយោបល់ផ្ទៃក្នុងបក្សនោះឡើយ។ ហេតុដូច្នេះហើយបានជាមនុស្សភាគច្រើនក្នុងអតីតបក្សសង្គ្រោះជាតិមិនគាំទ្រ និងមិនចូលរួមជាមួយចលនាបែបនេះឡើយ រាប់ទាំងលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារផងដែរ។ ចលនានេះមានគោលដៅសំខាន់ទី១ គឺការធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹមសុខា និងទី២ គឺដើម្បីឲ្យមហាជនផ្តើមនិយាយពីឈ្មោះ សម រង្ស៊ី ឡើងវិញបន្ទាប់ពីត្រូវបានគេបំភ្លេចចោលមួយរយៈក្រោយពីសម រង្ស៊ី លាលែងទាំងសោកស្តាយពីតំណែងប្រធានបក្សសង្គ្រោះជាតិដោយសារសម្ពាធរឿងផ្ទាល់ខ្លួនក្នុងគ្រួសារតែប៉ុណ្ណោះ។ ឥឡូវនេះ សម រង្ស៊ី និងបក្ខពួកមួយ ក្តាប់តូចកាន់តែជាប់ផុងជ្រៅឡើងៗដោយសារការសម្រេចចិត្តខុសម្តងហើយម្តងទៀតរហូតរើខ្លួនលែងរួច ហើយកំពុងបំព្រួញដែនដីសម្រាប់ឈរជើងឲ្យកាន់តែតូចចង្អៀតឡើងជាលំដាប់។ មិនយូរទៀតទេ ក្រុមនេះនឹងអស់ដីនៅ ហើយមានតែពន្ធនាគារប៉ុណ្ណោះដែលជាទីកន្លែងសមរម្យសម្រាប់ពួកគេ។

សូមកុំភ្លេចថា សម័យនេះទៅហើយ ចលនាឧទ្ទាមក្រៅច្បាប់ជារឿងហួសសម័យទៅហើយ ជាពិសេសសម្រាប់បរិបទប្រទេសកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាមហើយដែលកំពុងសប្បាយរីករាយក្នុងយុគសម័យអភិវឌ្ឍន៍ គ្មានអ្នកណាប្រាថ្នាចង់ចូលរួមចលនាឧទ្ទាមក្រៅច្បាប់ទៀតឡើយ។ ភាពស្ងៀមស្ងាត់របស់ពលរដ្ឋខ្មែរក្រោយការរំលាយគណបក្សសង្គ្រោះជាតិគឺជាឧទាហរណ៍ជាក់ស្តែងបំផុតដែលអាចបញ្ជាក់ពីរឿងនេះបាន។

ដូច្នេះ ការបង្កើតចលនាសង្គ្រោះជាតិគឺជាកំហុសយុទ្ធសាស្ត្រថ្មីទៀតរបស់សម រង្ស៊ី ដែលមិនយល់ពីចរន្តនយោបាយ និងមិនយល់ពីផ្នត់គំនិតរបស់ពលរដ្ឋខ្មែរ។ ការធ្វើនយោបាយដោយមិនយល់ច្បាស់ពីនិន្នាការសង្គម ជាមូលហេតុធ្វើឲ្យបក្សប្រឆាំងបរាជ័យជារៀងរហូតមក។ ទីបំផុត គណបក្សក៏រលាយ មេបក្សនិងអ្នកហែរហមរកដីជ្រកសឹងមិនបាន ហើយពេលនេះរង្វង់ដែនដីដែលពួកគេត្រូវដើរកំពុងរួមតូចទៅៗនៅសល់តែផ្លូវទៅកាន់ពន្ធនាគារតែប៉ុណ្ណោះ៕
ដោយ កូនខ្មែរ