ការចុះពិនិត្យមើលផ្លូវកំពុងចាក់បេតុង និងជួសជុលក្រាលថ្មមិច ក្នុងក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ មានការចុះពិនិត្យមើលផ្លូវកំពុងចាក់បេតុង និងត្រូវការជួសជុលក្រាលថ្មមិច តាមការស្នើសុំ និងដោះស្រាយបញ្ហាលំបាករបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់២ ក្នុងក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន៖
- ផ្លូវ១ខ្សែចាក់បេតុង ផ្លូវចូលភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ប្រវែង១១០០ម៉ែត្រ បានចាក់បេតុង រួច៥០០ម៉ែត្រ និងកំពុងចាក់បន្ថែមប្រវែង៦០០ ម៉ែត្រទៀត
- ផ្លូវចូលក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ភ្ជាប់ពីផ្លូវជាតិលេខ៥៦ ប្រវែង២០០០ ម៉ែត្រ ត្រូវធ្វើការក្រាលថ្មមិច
- ផ្លូវក្នុងភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ពង្រីកបន្ថែម ពីទទទឹង ៣ម៉ែត្រ ទៅ៥ម៉ែត្រ និងក្រាលថ្មមិច ប្រវែង ៤០០ ម៉ែត្រ
ផ្លូវដែលបានស្ថាបនាហើយ និងត្រូវធ្វើការជួសជុលបន្តនេះ ជាអំណោយរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ មាល័យ ។
ក្នុងឱកាសចុះពិនិត្យមើលការស្ថាបនា និងជួសជុលហេដ្ឋារចានសម្ព័ន្ធផ្លូវថ្នល់នោះ លោក អ៊ុំ រាត្រី អភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមសហការ ក្នុងការរៀបចំប្រព័ន្ធលូរំដោះទឹកអមផ្លូវ និងយកចិត្តទុកដាក់ថែរក្សាផ្លូវ ដើម្បីមាននិរន្តរភាពប្រើប្រាស់បានយូរអង្វែង ព្រោះមានផ្លូវ មានក្តីសង្ឃឹម មានការរីកចម្រើន៕