អនុរដ្ឋលេខាធិការ១រូបរបស់ក្រសួងមហាផ្ទៃ បង្ហាញចំណាប់អារម្មណ៍អំពីមេរោគបដិវត្តេពណ៌
ឯកឧត្តម ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលបានបង្ហោះផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ដោយបង្ហាញនូវចំណាបើអារម្មណ៍របស់លោកជុំវិញ មេរោគបដិវត្តពណ៌ដូចតទៅនេះ៖
មេរោគក្នុងខ្លួនមនុស្ស និងមេរោគរបស់សង្គមជាតិនីមួយៗ គឺមានគ្រប់ដំណាក់កាលដែលទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងកម្ចាត់វាចោលឲ្យទាន់ពេលវេលា៖
១- សម័យសម្តេចសីហនុ៖ គ្រោះថ្នាក់របស់សង្គមជាតិ គឺ«ពួកក្បត់ជាតិត្រកូល ស»។ មេរោគសង្គមខាងក្នុង រួមទាំងមេរោគហើរពីបរទេសមក ក៏ផ្ទុះកើតជា «រដ្ឋប្រហារ» បង្ករជាសង្គ្រាមស៊ីវិល និងរបបវាលពិឃាត ស៊ីជីវិតមនុស្សខ្មែរអស់ជាង៣លាននាក់។
២- ក្រោយឆ្នាំ១៩៧៩៖ មេរោគដ៏រាំរ៉ៃរបស់កម្ពុជា គឺសង្គ្រាមស៊ីវិលបន្តទៀត។ ថ្នាំមកពី អ៊ុនតាក់ ក៏ដាក់មិនត្រូវនិងមិនជាដែរ។ រហូតដល់ឆ្នាំ១៩៩៨ ទើបថ្នាក់ដឹកនាំរកឃើញថ្នាំមានឈ្មោះថា «ឈ្នះ-ឈ្នះ» ដែលយកមកប្រើកម្ចាត់មេរោគអង្គការចាត់តាំងខ្មែរក្រហមឲ្យរលាយបាន។ ពេលនោះហើយ រាងកាយនៃសង្គមកម្ពុជាបានរីកស្រស់ថ្លាប្រិមប្រិយរហូតដល់សព្វថ្ងៃ។
៣- ឥឡូវនេះ កម្ពុជាកំពុងមានមេរោគថ្មីត្រៀមវៃប្រហារទៀតគឺ «បដិវត្តន៍ពណ៌» ដែលជាមេរោគចម្លងមកពីបរទេស។ មេរោគនេះបានលាក់ខ្លួនសម្ងំធ្វើសកម្មភាពយូរហើយ។ បើកម្ចាត់មេរោគនេះមិនទាន់ទេ អង្គការចាត់តាំងមេរោគនេះនឹងស៊ីជីវិតខ្មែរ អាគារ ផ្ទះ សម្បែង សេដ្ឋកិច្ច ដូចនៅប្រទេសជិតខាងអញ្ចឹង។
៤- កម្ចាត់មេរោគដ៏គ្រោះថ្នាក់ឈ្មោះ «បដិវត្តន៍ពណ៌» ដែលលាក់ខ្លួនក្នុងអង្គការចាត់តាំង១ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ បើវាកើតឡើង វាស៊ីជីវិតមនុស្សទាំងអស់។ តែបើកម្ចាត់ទាន់ពេល គឺ«ជាតិបានរស់»៕