អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបានស្នើប្រធានអាស៊ានជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំង១៨រូប ត្រឡប់មកកម្ពុជាវិញ
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបានស្នើប្រធានអាស៊ានជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំង១៨រូប ត្រឡប់មកកម្ពុជាវិញ
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំង១៨រូប ត្រឡប់មកកម្ពុជាវិញ។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃបញ្ជាក់ថា ពួកគេមានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការចរចាហើយក៏កំពុងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកយើងវិញ ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជាក៏បានស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់ពួកគេ មកឱ្យយើងវិញផងដែរ»។
លោកជំទាវ ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា «ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕



