ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តសៀមរាប៖ ព្រះរាជពិធីបុណ្យអុំទូក គឺជាតម្លៃនៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរដែលមានគតិបណ្ឌិតពីស្មារតីសាមគ្គីជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
អភិបាលខេត្តសៀមរាប៖ ព្រះរាជពិធីបុណ្យអុំទូក គឺជាតម្លៃនៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរដែលមានគតិបណ្ឌិតពីស្មារតីសាមគ្គីជាតិ អភិបាលខេត្តសៀមរាប៖ ព្រះរាជពិធីបុណ្យអុំទូក គឺជាតម្លៃនៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរដែលមានគតិបណ្ឌិតពីស្មារតីសាមគ្គីជាតិ

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក(ង) ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកស្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកឧកញ៉ា លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង វត្តមានចូលរួមរបស់លោកប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ ព្រះវិហារ ខេត្តកំពង់ធំ និង ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ ។

តាមសេចក្តីរាយការណ៍របស់អនុគណៈកម្មការបច្ចេកទេស បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣៣ទូក មានទូកនារី ០៥ទូក ដែលមានចំណុះ ២២នាក់ ហើយ មានកីឡាករ កីឡាការី សរុប ១ពាន់៥២៨នាក់ នារី ១១០នាក់ និងកីឡាករ កីឡាការីបម្រុង សរុបចំនួន១៨៦នាក់ អ្នកដឹកនាំ ៦២នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រគួតជាលក្ខណៈជាតិ អន្តរជាតិ ។ ក្នុងពិធីប្រណាំងទូក(ង)នេះ ក៏មានការ ចូលរួមប្រកួតប្រណាំង នូវក្រឡោ ចំនួន ៦គូរ និង ទូកខ្នាតតូច ២គូរ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប ។

ក្នុងពិធីបើកការប្រកួតប្រណាំងទូក(ង)នាឱកាសនោះ លោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃ១៤-១៥កើត ខែកត្តិក នៅខេត្តប្រវត្តិសាស្ត្រមួយនេះ តែងប្រារព្វធ្វើទៅតាមប្រពៃណីខ្មែរ ហើយប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បាននិងកំពុងមានឥទ្ធិពលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកំសាន្តខេត្តសៀមរាបកាន់តែច្រើនឡើងៗ ។

លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលនៃអធិរាជាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និងពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអារ្យប្រទេសដ៏កំពូលនាសម័យនោះ ។

លោក ទៀ សីហា បានបន្តទៀតថា ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាប្រាកដជាយល់ដឹងហើយថា ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរស ខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការរំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ។ជាមួយគ្នានេះដែរ ព្រះរាជពិធីបុណ្យបណ្តែត ប្រទីប គឺជាការឧទ្ទិស ដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចំរើនរុងរឿង និងដើម្បីព្យាករណ៍អាកាសធាតុសម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់ផងដែរ ។

លោក ទៀ សីហា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យនេះ គឺជាតម្លៃនៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរ ដែលមានគតិបណ្ឌិតក្នុងការសំយោគចូលគ្នារវាងជំនឿសាសនា និងទំនៀមទំលាប់បង្កើតបានជាពិធីបុណ្យមួយប្រកបដោយសភាពរស់រវើក ទន់ភ្លន់ និងមានលក្ខណៈសកលភាពឲ្យទៅជាអត្តសញ្ញាណជាព្រលឹងជាតិក្នុងស្មារតី នៃការរួបរួមសាមគ្គី កិច្ចសហប្រតិបត្តិការ និងការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ។

ស្ថិតលើហេតុផលទាំងអស់នេះសក្ខីភាពបញ្ជាក់ឲ្យឃើញថា បុព្វបុរសខ្មែរបានបង្កើតពូជពង្សជាតិសាសន៍ខ្មែរយើង ដែលជានិច្ចកាលមានសីលធម៌ មានអរិយធម៌ និងអត្តសញ្ញាណខ្ពង់ខ្ពស់ឧត្តុង្គឧត្តមល្បីល្បាញតាំងពីដើមរៀងមក ។

ក្នុងន័យនេះយើងក៏មានមោទនភាព ដោយមានកេរ្តិ៍ឈ្មោះដ៏លី្បល្បាញ នៃទីក្រុងប្រវត្តិសាស្ត្រសៀមរាប ដែលជាទីក្រុងមានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត។

លោក ក៏បានធ្វើការផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យនេះផងដែរ ៕

អត្ថបទទាក់ទង