កម្ពុជា មានវប្បធម៌សិល្បៈនៃការចែករំលែកជួយដោះស្រាយបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងមិត្តឡាវ ឥណ្ឌូណេស៊ី និងប្រទេសនានា
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា ពេលនេះសភាពការណ៍ពិភពលោកមានការប្រែប្រួលពាក់ព័ន្ធទៅនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយ ទាក់ទងជាមួយសង្រ្គាមផង និងការប្រែប្រួលអាកាសធាតុផង ដែលបញ្ហាសង្រ្គាមមនុស្សគឺជាអ្នកបង្កើត ឯបញ្ហានោះវាបង្កើតជាទម្ងន់យ៉ាងធ្ងន់សម្រាប់ការដោះស្រាយ នៃបញ្ហារបស់ពិភពលោក ដូចជាវិបត្តិជនភៀសខ្លួន ដែលចេញពីមជ្ឈឹមបូព៌ា ទៅកាន់អឺរ៉ុប ហើយក៏មិនមែនគ្រាន់តែវិបត្តិជនភៀសខ្លួនចេញពីមជ្ឈឹមបូព៌ា ទៅកាន់អឺរ៉ុបនិងកន្លែងផ្សេងទៀតទេ ក៏ប៉ុន្តែក្នុងប្រទេសនីមួយៗ សុទ្ធតែមានជនភៀសសឹកដែលគេចចេញពីសង្រ្គាមពីកន្លែងមួយទៅកន្លែងមួយទៀត។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វិបត្តិមនុស្សធម៌បានកើតឡើងនៅច្រើនកន្លែង រាប់ទាំងបញ្ហានៅក្នុងតំបន់របស់យើងផងដែរដែលត្រូវដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅបង់ក្លាដែសហើយដែលមិនទាន់បានធ្វើមាតុភូមិនិវត្តន៍នៅឡើយ ដែលកម្ពុជាយើងក៏ត្រូវមានមួយផ្នែកណានោះ ដើម្បីជួយដោះស្រាយបញ្ហានេះ ដូចដែលយើងបានធ្វើចំពោះមិត្តឡាវ ចំពោះឥណ្ឌូណេស៊ី និងប្រទេសផ្សេងទៀតដែលត្រូវការជំនួយសង្រ្គោះនោះហើយជាសិល្បៈនៃការចែករំលែក៕