ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ នាយទាហានទាំងអស់ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតបដិវត្តពណ៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ នាយទាហានទាំងអស់ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតបដិវត្តពណ៌ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ នាយទាហានទាំងអស់ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតបដិវត្តពណ៌

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងដាស់តឿនដល់នាយទាហានទាំងអស់ ត្រូវគោរពឱ្យបានយ៉ាងម៉ឺងមាត់នូវរាល់បទបញ្ជាលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់នានារបស់រដ្ឋ ដោយប្រឆាំងដាច់ខាតបដិវត្តពណ៌ និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថ្លែងបែបនេះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជំនាញកាំភ្លើងការពារដែនអាកាសជំនាន់ទី៣ និងពិធីបើកវគ្គបំប៉នការងារសេនាធិការថ្នាក់កងអនុសេនាធំ និងវរសេនាតូចឆ្នាំ២០១៩ នៅឯសាលាជំនាញការពារដែនអាកាស នៃបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ការហ្វឹកហ្វឺន គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបម្រើឱ្យការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិនៅចំពោះមុខ និងទៅថ្ងៃអនាគត។

លោកនាយឧត្តមសេនីយ៍ក៏បានផ្តល់អនុសាស្ត្រ និងជំរុញដល់បញ្ជាការដ្ឋានការពារអាកាស និងសាលា ត្រូវបន្តជំរុញការយកចិត្តទុកដាក់ បង្កើនសមត្ថភាពធនធានមនុស្ស ដើម្បីដើរតាមការវិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យក្នុងតំបន់ ពិសេស ក្នុងវិស័យការពារជាតិ។ ទន្ទឹមនឹងនេះ លោកនាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រៃងបំពេញការងាររបស់មេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានសហការសាមគ្គី ឯកភាពគ្នា ធ្វើឱ្យសម្រេចនូវផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់សាលានាពេលនេះ។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាននាំនូវការផ្តាំផ្ញើសារសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមយោធាចារ្យ និងសិក្ខាកាមទាំងអស់ និងផ្ញើការនឹករលឹកផងដែរ ចំពោះក្រុមគ្រួសារយោធិនទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដណ្តើមស្នាដៃ លើកិច្ចការពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងត្រូវស្មោះត្រង់ ចំពោះជាតិ មាតុភូមិ លើកកម្ពស់មនសិការស្នេហាជាតិដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដែនអាកាសនៃមាតុភូមិកម្ពុជា៕

អត្ថបទទាក់ទង