វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន
រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន។
នៅក្នុងជំនួបនេះភាគីខាងក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិនបានជម្រាបជូនសម្ដេចតេជោថា គាត់បានអញ្ជើញទៅកាន់ប្រទេសកម្ពុជាហើយបានសិក្សាលម្អិតអំពីស្ថានភាព នៃថាមពលនៅក្នុងប្រទេសកម្ពុជា ព្រមជាមួយគ្នានេះ លោកក៏បានឃើញជាក់ស្ដែងថា នៅប្រទេសកម្ពុជាអាចផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នឹងដើរដោយខ្យល់នៅពេលខាងមុខបាន។
លោកបានបន្តថា ក្រុមហ៊ុនរបស់លោកក៏មានការចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជាដោយមានបំណងបង្កើតរោងចក្រផលិតបន្ទះ solar panel គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនីផងដែរ។ នៅក្នុងឱកាសនៃការស្នើសុំពីសម្តេចតេជោនាយករដ្ឋមន្ត្រីវិនិយោគនៅក្នុងប្រទេសកម្ពុជានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការសហការជាមួយនឹងក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិ និងលក្ខខណ្ឌ នៃការបង្កើតរោងចក្រនោះ៕