ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសន្ទរកថាពីមូលបទរបស់វេទិកាកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសន្ទរកថាពីមូលបទរបស់វេទិកាកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសន្ទរកថាពីមូលបទរបស់វេទិកាកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ

នៅវេលាម៉ោងប្រមាណ២៖០០នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ដែលរៀបចំដោយរដ្ឋាភិបាលចិន ដោយមានការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុត លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ នឹងចំណាយពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំសំខាន់ៗដទៃទៀតនេះ។

យោងតាមកម្មវិធី នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២នេះ លោកនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះ ត្រចង់»។ នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។

បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋ/រដ្ឋាភិ បាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។ លោកនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយ លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន។

ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យប៉េកាំង ហើយក្នុងឱកាសដ៏ឧត្តុងឧត្តមនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងទទួលបាននូវការប្រគល់គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជីនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោកនិងផ្លូវទឹក។ ចិនបានចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន។

លោក ស៊ី ជីនពីង បានប្រកាសពីគម្រោងយុទ្ធសាស្រ្តនេះជាលើកដំបុង ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៣។ ក្នុងរយៈពេលត្រឹមតែ០៥ឆ្នាំ BRI បានវិវត្តន៍ខ្លួនពីគំនិតរហូតដល់ក្លាយទៅជាវេទិកាគន្លឹះមួយ ដើម្បីការកសាងសហគមន៍មួយ ដែលមានអនាគតចែករំលែករួមគ្នាសម្រាប់មនុស្សជាតិ និងសម្រាប់ទំនិញសាធារណៈអន្តរជាតិ៕

អត្ថបទទាក់ទង