ខ្មែរប៉ុស្ដិ៍ Close

មូលហេតុដែលកម្ពុជាកំណត់យកខែឧសភា ២០២៣ ប្រកួតស៊ីហ្គេម ដោយសារតែខ្លាចប៉ះពាល់ពីការបោះឆ្នោតជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
មូលហេតុដែលកម្ពុជាកំណត់យកខែឧសភា ២០២៣ ប្រកួតស៊ីហ្គេម ដោយសារតែខ្លាចប៉ះពាល់ពីការបោះឆ្នោតជាតិ មូលហេតុដែលកម្ពុជាកំណត់យកខែឧសភា ២០២៣ ប្រកួតស៊ីហ្គេម ដោយសារតែខ្លាចប៉ះពាល់ពីការបោះឆ្នោតជាតិ

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ស៊ីហ្គេម លើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខែកក្កដា ឆ្នាំ២០២៣នេះដែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា លើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មូលហេតុដែលកម្ពុជា កំណត់យកខែឧសភា ឆ្នាំ២០២៣ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមនោះ គឺដើម្បីបញ្ចៀសឱ្យផុតពីការរងផលប៉ះពាល់ដោយសារការបោះឆ្នោត។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានកត់សម្គាល់ថា នៅអំឡុងខែកក្កដា ឬនៅចុងឆ្នាំ២០២៣ ជាពេលដែលកម្ពុជាត្រូវមមាញឹកជាមួយការបោះឆ្នោត ហើយរាល់ពេលបោះឆ្នោតម្តងៗ តែងមានការបង្កចលាចល និងបាតុភាពផ្សេងៗ ពីក្រុមអ្នកចាញ់ឆ្នោត។ ជាមួយគ្នានេះ លោកក៏លើកឡើងទៀតថា ដើម្បីកុំឱ្យមានការរំខានដោយសារសកម្មភាព ណាមួយក្រោយពេលបោះឆ្នោតនោះ ទើបកម្ពុជាសម្រេចយកការប្រកួត ក្នុងខែឧសភា មុនពេលបោះឆ្នោតតែម្តង។

បើតាមលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្នាំ២០២៣ ក៏ជាឆ្នាំដែលផ្លូវ ល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ ត្រូវសាងសង់រួចរាល់ ផងដែរ។ ផ្លូវនេះគឺអាចបម្រើដល់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម នាពេលខាងមុខនេះ។

ក្រៅពីការពន្យល់អំពីមូលហេតុ ដែលកម្ពុជាកំណត់យកខែឧសភា សម្រាប់ការប្រកួតស៊ីហ្គេម, លោកនាយករដ្ឋមន្ត្រី ក៏បានពន្យល់ពីមូលហេតុ ដែលនាំឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះចុងក្រោយគេ សម្រាប់ការប្រកួតស៊ីហ្គេមនេះផងដែរ។ បើតាមលោកនាយករដ្ឋមន្រ្ដី ការមិនទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតស៊ីហ្គេម នាឆ្នាំកន្លងមក គឺដោយសារតែកម្ពុជាដែលងើបពីភ្លើងសង្គ្រាមនោះ ត្រូវការថវិកាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេស។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបន្ថែមថា ឆ្នាំ២០២៣ កម្ពុជាត្រូវតែធ្វើជាម្ចាស់ផ្ទះ សម្រាប់ប្រកួតស៊ីហ្គេមឱ្យបានល្អ ហើយប្រកបដោយកិត្តិយសថែមទៀត។ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ និងគ្រប់សហព័ន្ធទាំងអស់ ប្រឹងប្រែងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងបណ្តុះបណ្តាលធនធានផ្នែកកីឡាកម្ពុជា ឱ្យកាន់ផុសផុលថែមទៀត។ សម្តេចបន្ថែមថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់ស៊ីហ្គេមទេ តែក៏សម្រាប់ប្រកួតប្រជែងផងដែរ។

សម្រាប់លោកនាយករដ្ឋមន្រ្ដី, ការធ្វើជាម្ចាស់ស៊ីហ្គេមចំណាត់ថ្នាក់ទីប៉ុន្មាន មិនសំខាន់ទេសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវរៀបចំការ ប្រកួតមួយឱ្យទទួលបានជោគជ័យ និងមានសុចរិតភាព។

ដើម្បីពង្រឹងគុណភាពកីឡាកម្ពុជា ឆ្លើយតបនឹងភាពជាម្ចាស់ផ្ទះស៊ីហ្គេម ខាងមុខនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យក្រុមការងារ ថ្នាក់ជាតិចុះជួយនៅតាមមូលដ្ឋាន ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋាន ជួយជំរុញសកម្មភាពកីឡានៅតាមសាលា។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវត្រៀមដី ត្រៀមទីតាំង សម្រាប់ការប្រកួតកីឡា ហើយតាមសាលារៀនត្រូវតែមានរៀបចំកន្លែង សម្រាប់ហ្វឹកហាត់កីឡាផងដែរ ៕