ប្រទេសជាតិមានសុខសន្តិភាព បងប្អូនអាចធ្វើដំណើរទៅទីជិតឆ្ងាយដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់
នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីឆេងម៉េងហើយ ចូលឆ្នាំខ្មែរក៏នឹងមកដល់ឆាប់ៗខាងមុខនេះ។ លោកក៏សង្ឃឹមថាឆ្នាំនេះ បងប្អូនខ្មែរយើងមានជម្រើសច្រើនសម្រាប់ដំណើរកំសាន្តទាំងក្នុងនិងក្រៅប្រទេស ព្រោះប្រទេសជាតិមានសុខសន្តិភាព ដែលបងប្អូនអាចធ្វើដំណើរទៅទីជិតឆ្ងាយដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះរូបលោកគឺរវល់នឹងការងារប្រទេសជាតិដូចសព្វមួយដង។ ទោះមិនមកជួបភ្ញៀវនៅវិមានរដ្ឋាភិបាល ក៏មានកម្មវិធីជួបភ្ញៀវនៅផ្ទះជាប្រចាំ។ រីឯការពិនិត្យលើឯកសារក្រដាសស្នាមការងារក្រសួង មន្ទីរវិញ គឺមានជារៀងរាល់ថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ លោក នឹងហូបបាយសាមគ្គីជាមួយបងប្អូនកីឡាករកីឡាការិនីនៅកោះពេជ្រ ដែលធ្វើក្នុង១ឆ្នាំម្តង ហើយលោកក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសំណាងល្អក្នុងឆ្នាំថ្មីនេះ និងសុំអរគុណដែលបងប្អូនបានជូនពរលោកនៅក្នុងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះផងដែរ៕