រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងអនុប្រធានទី១ ចុះជួយខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមជិកាគណបក្សប្រជាជនកម្ពុជា សរុបចំនួនប្រមាណជាង៣០០០នាក់ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសជួបសំណោះសំណាលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិកសមាជិកា និងក្រុមការងារគណបក្សទូទាំងខេត្តត្បូងឃ្មុំទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក រហូតគណបក្សប្រជាជនកម្ពុជាក្នុងខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេសលទ្ធផលនេះ ស្តែងឡើងតាមរយៈការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
បន្ថែមពីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកគណបក្សខេត្តទាំងអស់ បន្តចុះពង្រឹងក្នុងមូលដ្ឋាន រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ មើលការខុសត្រូវអោយសាកសមជាអាណាព្យាបាល ដូចអ្វីដែលគណបក្សបានធ្វើសម្រាប់ប្រជាពលរដ្ឋនាពេលកន្លងមក ក៏ដូចជាបន្តទៅមុខ និងត្រូវ រួមគ្នាសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះអោយបានសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ៕