តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានអតីតស្វាមីបាញ់សម្លាប់

ដោយ៖ ពូ មង្គល​​ | ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧​ | ព័ត៌មានទូទៅ | 0 |
តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានអតីតស្វាមីបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះ មានករណីបាញ់សម្លាប់ស្រ្តីម្នាក់ ដែលជាតារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។ ប៉ុន្តែអ្វីដែលរន្ធត់ទៅទៀតនោះ គឺខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ ។

ព័ត៌មានចុងក្រោយ៖ ខ្មាន់កាំភ្លើងជាអតីតប្តី និងជាមន្ដ្រីគយ !

អំពើឃាតកម្ម​បាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។មន្ដ្រីនគរបាលជាន់ខ្ពស់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។

ការបញ្ជាក់ថា ពីអត្តសញ្ញាណរបស់ជនដៃដល់រូបនេះ ដោយសារតែនៅកន្លែងកើតហេតុ និងរកឃើញនៅលើខ្លួនជនដៃដល់នោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានប័ណ្ណសម្គាល់មន្ដ្រីរាជការ និងមានប័ណ្ណបើកបរ ព្រមទាំងលុយ និងសម្ភារៈមួយចំនួនទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចបានប្រទះឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូ ដែលជនដៃដល់ប្រើប្រាស់បាញ់លើស្ដ្រីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ អស់ចំនួន៤គ្រាប់។

តាមការបញ្ជាក់ពីសេចក្ដីរាយការណ៍មួយចំនួន ក៏ដូចជាព័ត៌មាន ដែលធ្លាប់បានផ្សព្វផ្សាយនាពេលកន្លងទៅ ជនដៃដល់ឈ្មោះ ជ័យ រិន គឺជាអតីតប្ដីរបស់ សាន ស្រីឡៃ ហើយពួកគេទាំង២នាក់ ក៏បានថតគៀកកើយផ្អែមល្ហែមជាមួយគ្នា បង្ហោះនៅលើបណ្ដាញសង្គម Facebook ទៀតផង ប៉ុន្ដែក្រោយមកអាចមានបញ្ហាប្រះឆាដោយប្រការណាមួយនោះ ទើបបែកចេញពីគ្នា។

ជាការសន្និដ្ឋានរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីអតីតប្ដីប្រហែលជាអាចប្រច័ណ្ឌ ឬមានបញ្ហាជម្លោះផ្ទៃក្នុងណាមួយរវាងពួកគេទាំង២ ទើបដាច់ចិត្តមកបាញ់សម្លាប់រូបនេះ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

នៅកន្លែងកើតហេតុនោះ សមត្ថកិច្ចក៏បានប្រទះឃើញរថយន្ដរបស់ស្ដ្រីរងគ្រោះ ម៉ាក Luxes RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-0836 និងម៉ូតូម៉ាក Honda Dream C125 របស់ជនដៃដល់ផងដែរ។

ក្រោយកើតហេតុ និងរហូតមកដល់ល្ងាចថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់បានចុះទៅអន្ដរាគមន៍ និងបើកការស្រាវជ្រាវដើម្បីស្វែងរកការពិត ឈានទៅដល់ការបំបែកសំណុំរឿង និងមូលហេតុឲ្យពិតប្រាកដនៃអំពើឃាតកម្មដ៏គួរឲ្យរន្ធត់ថ្មីមួយទៀត នៅកណ្ដាលរាជធានីភ្នំពេញនេះ៕

 

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង