លោក កឹមរ័ត្ន វិសិដ្ធ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំពូលលើតុដើរដោយពន្លឺព្រះអាទិត្យ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំពូលលើតុដើរដោយពន្លឺព្រះអាទិត្យ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១ ដល់លេខ៣ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយមានសិស្សជ័យលាភីសរុបចំនួន ១២៣នាក់ មកពីអនុវិទ្យាល័យប្រាសាទ បឋមសិក្សាប្រាសាទ បឋមសិក្សាចក និងបឋមសិក្សាអង្គកំណប់។
លោក កឹមរ័ត្ន វិសិដ្ឋ បានផ្តល់អនុសាសន៍ និងបទពិសោធន៍ល្អៗចែកជូនដល់សិស្សានុសិស្សដែលបានចូលរួម ព្រមទាំងបានណែនាំឱ្យសិស្សានុសិស្សជៀសឆ្ងាយពីគ្រឿងញៀន ដែលអាចបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ជាងនេះទៀត លោកក៏បានជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ចំពោះការសិក្សា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី ក៏ដូចជាធនធានមនុស្សពោរពេញដោយសមត្ថភាព សម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។