នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចតាមចាប់មេខ្លោងគ្រឿងញៀននៅក្លឹបកម្សាន្ត Rock ហើយចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។
ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
នៅក្នុងពិធីនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលសមត្ថកិច្ចបានបង្រ្កាបសំបុកគ្រឿងញៀនដ៏ធំមួយនៅក្នុង ក្លឹបកម្សាន្តរ៉ុក កាលពីខែមុន។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១ នាក់ ដែលក្នុងនោះមានជនជាតិចិន ១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩ គីឡូក្រាម និងសារធាតុញៀនជាទឹក៩គីឡូ ២ ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី ១ដើម។
កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅសមត្ថកិច្ចបានសម្រេចបញ្ជូនខ្លួនជនសង្ស័យ ចំនួន១៧រូប នៃករណីបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) ទៅតុលាការ ក្រោយពីធ្វើកោសល្យវិច័យទឹកនោម និងបានប្រមូលវត្ថុតាងគ្រប់គ្រាន់។ ជនសង្ស័យទាំងទាំង១៧នាក់នោះ មានស្ត្រីម្នាក់ផង ភាគច្រើនជាយុវជន និងយុវតី មានអាយុចាប់ពី ១៩ ដល់ ២១ឆ្នាំ ៕