លោកនាយករដ្ឋមន្ត្រីយកវិធានការអប់រំ និងការអនុវត្តច្បាប់ ជាជាងវិសោធនកម្មច្បាប់ធម្មនុញ្ញមានទោសប្រហារជីវិត

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ថា មិនចាំបាច់ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដាក់ទោសប្រហារជីវិតចំពោះឪពុករំលោភកូនជីតារំលោភចៅនោះទេ តែត្រូវជ្រើសយកវិធានការអប់រំ និងការអនុវត្តច្បាប់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មិនចាំមានវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដាក់ទោសប្រហារជីវិតចំពោះករណីឪពុករំលោភកូន តារំលោភចៅ ឪពុកមារំលោភក្មួយនោះទេ តែត្រូវមានការអប់រំសីលធម៌នៅក្នុងសង្គម ហើយក៏ត្រូវឲ្យមានការចូលរួមពីព្រះសង្ឃ និងមានវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តិអំពើនេះ។
ការសម្រេចចិត្តមិនធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញឲ្យមានទោសប្រហារជីវិតនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកឡើងថា ដោយសារមានការវិភាគពីសំណាក់លោកមេធាវី សុខ សំអឿន លោកបណ្ឌិត សុខ ទូច និងលោក អ៊ូ វីរៈ ថា មិនចាំឲ្យមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដាក់ទោសប្រហារជីវិតនោះទេ៕