ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 588
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងការបរទេស និងសហប្រិបត្តការអន្តរជាតិ។ សន្និបាតនេះមានរយៈពេល ២ថ្ងៃកន្លងមកហើយ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ក៏ដូចជា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។ កម្ពុជាបច្ចុប្បន្នមានទំនាក់ទំនងការទូតជាមួយប្រទេសជាមិត្ដចំនួន ១៧២ ប្រទេស និងមានស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសសរុបចំនួន ៦០។

សន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេសនេះ គឺជាកាលានុវត្តភាពសម្រាប់អ្នកការទូតកម្ពុជា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ឧទ្ទេសនាមដោយវាគ្មិនសំខាន់ៗ លើបញ្ហាជាសារវ័ន្តពាក់ព័ន្ធនឹង «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា» «ការជំរុញការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌» និង “«ជំហររបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ» ដែលនឹងលើកកម្ពស់បន្ថែមទៀតដល់ចំណេះដឹងជាក់ស្តែង ធ្វើឲ្យស៊ីជម្រៅកម្រិតវិភាគ និងការយល់ដឹងទូលំទូលាយដល់អ្នកការទូតកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាពេលនេះ ដែលជាក្រសួងមួយដែលលោកធ្លាប់បានបម្រើការងារជាតួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដំបូងគេនៅកម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយលោកតែងតែបានអញ្ជើញចូលរួមក្នុងពិធីបូកសរុបការងាររបស់ក្រសួងការបរទេសជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងបានយកឱកាសនេះ ដើម្បីផ្តល់នូវបទពិសោធន៍ និងអនុសាសន៍សំខាន់ជូនដល់មន្ត្រីការទូតរបស់កម្ពុជា។ សម្តេចថ្លែងបន្តថាកិច្ចការបរទេស គឺជារឿងដ៏សំខាន់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។ លោក បានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើឡើងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយបណ្ដាប្រទេសនានា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដើម្បីទទួលបានផលប្រយោជន៍រួមដល់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន៕

អត្ថបទទាក់ទង