ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈ៖ ឱកាសត្រូវស្រោចស្រង់ជីវិតនយោបាយរបស់ក្រុម កឹម សុខានិយមបានមកដល់ហើយ!

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 516
    ទស្សនៈ៖ ឱកាសត្រូវស្រោចស្រង់ជីវិតនយោបាយរបស់ក្រុម កឹម សុខានិយមបានមកដល់ហើយ!ទស្សនៈ៖ ឱកាសត្រូវស្រោចស្រង់ជីវិតនយោបាយរបស់ក្រុម កឹម សុខានិយមបានមកដល់ហើយ!

    ក្នុងនាមអ្នកគាំទ្រលោកប្រធាន កឹម សុខា ម្នាក់ខ្ញុំយល់ឃើញថា គម្រោងនៃការជួបជុំថ្នាក់ដឹកនាំរបស់ក្រុម កឹម សុខា និយម ដែលមកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងអូស្តា្រលី នៅទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិកនាពេលខាងមុខឆាប់ៗនេះ គឺជាសញ្ញាដ៏វិជ្ជមានមួយដែលទំនងនឹងនាំឈានឆ្ពោះទៅសង្រ្គោះជីវិតនយោបាយរបស់ក្រុមលោកប្រធាន កឹម សុខា និយមឱ្យបានរស់រវើក និងសកម្មតបតឡើងវិញ ដើម្បីចៀសផុតពីការធ្វើអត្តឃាដខាងនយោបាយ បន្ទាប់ពីក្រុមលោកប្រធាន កឹម សុខា និយម បានស្ថិតនៅស្ងៀមស្ងាត់មួយរយៈកន្លងមក។ សម្រាប់អ្នកគាំទ្រនៅមូលដ្ឋាន កំពុងតាមដាន និងរង់ចាំការងើបឡើងនៃក្រុមរបស់លោកប្រធាន កឹម សុខា និយម ដើម្បីរៀបចំសកម្មភាព ជំហរនយោបាយដ៏ច្បាស់លាស់របស់យើងឡើងវិញ និងម្យ៉ាងដើម្បីតបតឱ្យបានចាស់ដៃចំពោះទង្វើក្បត់របស់មេដឹកនាំបក្សប្រហារ និងបក្ខពួកនៅទីក្រុងអាតាឡង់តាកន្លងទៅ។

    កន្លងមក ក្រុមធ្វើបក្សប្រហារនៅអាតាឡង់តា ដែលមានលោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ជាដើមបានបន្តប្រមាថ លាបពណ៌ និងវាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើក្រុមលោកប្រធានកឹម សុខារបស់យើងថា ជាពួកក្បត់ ជាជនបង្កប់របស់ CPP។ល។ ហើយចុងក្រោយថ្មីនេះ មេដឹកនាំដែលមានតែឈ្មោះ បានធ្វើរដ្ឋប្រហារបក្សដណ្តើមយកតំណែងជាប្រធានស្តីទីបក្ស និងបានកែប្រែរចនាសម្ព័ន្ធបក្សនៅឯនាយសមុទ្រតាមទំនើងចិត្ត ដោយគ្មានការឯកភាពពីលោកប្រធានកឹម សុខា និងថ្នាក់ដឹកនាំមកពីក្រុមលោកប្រធានកឹម សុខា សោះឡើយ ដែលនេះជាទង្វើក្បត់សម្ព័ន្ធមិត្ត ផ្ទុយពីអ្វីដែលក្រុមបក្សប្រហារតែងបាននិយាយបោកប្រាស់ថា សម រង្ស៊ី និងកឹម សុខា គឺជាមនុស្សតែមួយ។ តាមពិតវាជាគ្រាន់តែជាការបោកបញ្ឆោតដល់ក្រុមអ្នកគាំទ្រលោកប្រធានកឹម សុខា ឱ្យជឿលើវោហារសាសន៍គ្មានន័យ មាត់ផ្សេង ចិត្តផ្សឹង គឺចិត្តកំពុងផាត់ក្រុមលោកប្រធានកឹម សុខានិយមចោល ហើយធ្វើសកម្មភាពផ្លាស់ប្តូររចនាសម្ព័ន្ធបក្សតាមទំនើងចិត្ត។

    ជាការពិត សម្រាប់គម្រោងជំនួបរបស់ក្រុមអ្នកគាំទ្រលោកប្រធាន កឹម សុខា ដែលនឹងធ្វើនៅហ្វីឡាឌែលហ្វៀ សហរដ្ឋអាមេរិកខាងមុខ គឺពិតជាសញ្ញានៃការងើបឡើងនៃកម្លាំងពិតរបស់ កឹម សុខា និងជំហរនយោបាយច្បាស់លាស់ ដើម្បីឆ្លើយតបឱ្យបានចាស់ដៃទៅនឹងក្រុមមនុស្សធ្វើបក្សប្រហារនោះ។ ហើយជំនួបនោះទៀតសោត គ្រោងនឹងថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់បំផុតអំពីជំហរមិនដេករងចាំស៊ីឡាក ដូចការប្រមាថ និងការចោទទាំងងងើលរបស់ក្រុមបក្សប្រហារនោះទេ។ អ្វីដែលក្រុមកឹម សុខានិយម រំពឹងទុក គឺនឹងត្រូវទាត់ចោលនូវរាល់សេចក្តីសម្រេចរបស់បក្សប្រហារកន្លងទៅ ហើយនឹងងាកមកកសាងមូលដ្ឋាននៃជំហរនយោបាយរបស់កឹម សុខា និយមសារជាថ្មីឡើងវិញ។

    ទីបំផុត យើងជាអ្នកគាំទ្រលោកប្រធានកឹម សុខានិយមបានសម្រេចចិត្តថា ត្រូវនាំគ្នាងើបឈរឡើងយ៉ាងរឹងមាំដោយខ្លួនឯង ដើម្បីបានគេចផុតពីជ្រោះមរណៈ ឬការធើ្វអត្តឃាដខាងនយោបាយរបស់យើង ដោយសារតែយើងបាននាំគ្នាស្ថិតនៅស្ងៀមស្ងាត់ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ ដែលបានធ្វើឱ្យក្រុមបក្សប្រហារបានដៃ វៃប្រហារលោកប្រធានកឹម សុខា តាមអំពើចិត្តយ៉ាងអយុត្តិធម៌បំផុត។ ដូច្នេះ ប្រសិនបើយើងពិតជាអ្នកស្រឡាញ់ និងគាំទ្រលោកប្រធាន កឹម សុខា មែននោះ យើងទាំងអស់គ្នាត្រូវចេញងើបឈរឡើង តតាំងនឹងអំពើប្រមាថ ការចោទប្រកាន់មួលបង្កាច់សព្វបែបយ៉ាងរបស់ក្រុមបក្សប្រហារទាំងនោះ ហើយត្រូវនាំគ្នាទាត់ចោលជាចំហចំពោះទង្វើ ដ៏គឃ្លើន និងសេចក្តីសម្រេចទាំងឡាយដែលក្រុមបក្សប្រហារបាន និងកំពុងបោកបញ្ឆោតក្រុមលោកប្រធាន កឹម សុខា និយមកន្លងមក ពិសេស យើងត្រូវកសាងកម្លាំងពិតនៃកឹម សុខានិយមឡើងវិញ ជាមួយនឹងគោលជំហរនយោបាយរបស់យើងដ៏ច្បាស់លាស់សារជាថ្មី ប្រសិនបើ យើងពិតជាបានដើរដល់ផ្លូវបំបែកហើយនោះ ក៏ព្រោះវាគ្រាន់តែជាសម្ព័ន្ធភាពក្លែងក្លាយដែលយើងមិនគួរបន្តលាក់ទុកនាំឱ្យយើងបន្តឈឺចាប់គ្រាំចិត្តតទៅទៀតបានទេនោះ។ ដូច្នេះ យើងសង្ឃឹមថា ជំនួបនៅហ្វីឡាឌែលហ្វៀ គឺជាសេចក្តីសង្ឃឹមនៃជីវិតនយោបាយរស់ឡើងវិញរបស់ក្រុមលោកប្រធានកឹម សុខានិយមរបស់យើង៕

    ពី ៖ សកម្មជនកឹម សុខានិយម ពីខេត្តត្បូងឃុំ

    អត្ថបទទាក់ទង