បទវិភាគ៖ គណបក្សសង្គ្រោះជាតិអាចរលាយមុនពេលគេរំលាយ!
ពេលនេះ ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកាន់តែបែកបាក់ ហើយមន្ត្រីគណបក្សនេះផ្តើមមិនទុកចិត្តគ្នាកាន់តែខ្លាំងឡើងៗជាលំដាប់ដែលក្រុមអ្នកវិភាគប្រមើលឃើញថា គណបក្សនេះអាចរលាយមុនគេរំលាយទៅទៀត។ ការមិនទុកចិត្តគ្នាដែលបានលេចឡើងចុងក្រោយនេះគឺ៖
ទី១៖ តំណាងរាស្ត្រដែលរត់ទៅក្រៅប្រទេស និងអ្នកនៅក្នុងប្រទេស បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងធ្វើឲ្យផ្ទៃក្នុងគណបក្សនេះវ៉ល់ដូចបូសហៀបនឹងធ្លាយ។ អ្នកនៅក្នុងស្រុកបានអំពាវនាវឲ្យអ្នករត់ទៅក្រៅស្រុកវិលត្រឡប់មកវិញដោយពួកគេអះអាងថា បើមានរឿងអ្វីបន្តិចអាងរត់ចោលស្រុកមិនអាចធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើគណបក្សសង្គ្រោះជាតិបានទេ។ អ្នកខ្លះបានហៅតំណាងរាស្ត្ររត់ចោលស្រុកទាំងនោះថា មានចរិតមាន់សម្លដូចលោក សម រង្ស៊ី។ កាលពីពេលថ្មីៗកន្លងទៅនេះ កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ធ្លាប់បានរិះគន់ជាសាធារណៈចំពោះតំណាងរាស្ត្របក្សសង្គ្រោះជាតិដែលអាងរត់ថា ជាមនុស្សកំសាក។ កឹម មនោវិទ្យា ចំអកដោយខឹងសម្បារថា ពេលឪពុកនាងមានបញ្ហា រកតែមនុស្ស ១០ នាក់ជួយតវ៉ាមិនបានផងព្រោះ សម្បូរតែអ្នករត់ចោលស្រុក។ ប៉ុន្តែ ការរិះគន់របស់ កឹម មនោវិទ្យា និងការអំពាវនាវរបស់មន្ត្រីបក្សនៅក្នុងស្រុកឲ្យអ្នករត់ចោលស្រុកវិលត្រឡប់មកវិញ បណ្តាលឲ្យអ្នករត់ចោលស្រុកខឹងសម្បារយ៉ាងខ្លាំង។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានឆ្លើយតបពីក្រៅប្រទេសថា អ្នកនៅក្នុងស្រុកមិនបានការអ្វីទេពីព្រោះពួកគេមិនអាចធ្វើអ្វីបាន មិនហ៊ាននិយាយខ្លាចគេចាប់ខ្លួន។ លោក អេង ឆៃអ៊ាង បន្តថា មានតែចេញទៅក្រៅស្រុកទេទើបអាចមានលទ្ធភាពធ្វើការងារបានច្រើនដើម្បីជួយគណបក្ស។ ប៉ុន្តែ ក្រុមអ្នកវិភាគឯករាជ្យផ្កាប់មុខទៅរកគណបក្សសង្គ្រោះជាតិវិញក៏បានឌឺដងដាក់អ្នករត់ចោលស្រុកដែរថា បើរូបគេជាតំណាងរាស្ត្របក្សសង្គ្រោះជាតិវិញ ពួកគេមិនរត់ចោលស្រុកដូចលោក សម រង្ស៊ី និងតំណាងរាស្ត្រកំសាកទាំងនោះឡើយ។ រីឯសកម្មជន និងអ្នកគាំទ្រនៅក្នុងប្រទេសវិញ ក៏ខឹងសម្បារនឹងតំណាងរាស្ត្រដ៏កំសាករបស់ខ្លួនយ៉ាងខ្លាំងណាស់ដែរ។ ពួកគេអះអាងថា បើមានតែតំណាងរាស្ត្រមាន់សម្លបែបនេះមិនដឹងជាបានអ្វីទីពឹងទេ។ នេះសបញ្ជាក់ថា ការបែកបាក់មានទាំងរវាងមន្ត្រីជាន់ខ្ពស់គ្នាឯង រវាងក្រុមអ្នកវិភាគកាន់ជើងបក្សសង្គ្រោះជាតិ និងសកម្មជន ព្រមទាំងអ្នកគាំទ្រផងដែរ។ ពេលនេះ ពួកគេកំពុងវិលវុល មួយទៅលិច មួយទៅកើត មួយទៅឆ្វេង មួយទៅស្តាំ លែងដឹងទិសតំបន់ប្រៀបដូចត្រីពុល។ នេះជាសញ្ញាដ៏គ្រោះថ្នាក់មួយសម្រាប់គណបក្សសង្គ្រោះជាតិ។
ទី២៖ សញ្ញាដ៏គ្រោះថ្នាក់មួយទៀតនៃការបែកបាក់ផ្ទៃក្នុងបក្សសង្គ្រោះជាតិគឺ អ្នករត់ចោលស្រុកផ្តើមលែងទុកចិត្តអ្នកនៅក្នុងស្រុកយ៉ាងខ្លាំងដោយពួកគេបារម្ភថា អ្នកនៅក្នុងស្រុកអាចនាំគ្នាក្បត់បក្សហើយឃុបឃិតគ្នាដកលោក កឹម សុខា ចេញពីតំណែងប្រធានក្រោមលេសថា កុំឲ្យគេរំលាយបក្ស។ បន្ទាប់មក ក៏តែងតាំងអ្នកណាម្នាក់ធ្វើប្រធានជំនួសលោក កឹម សុខា ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ។ អ្នកដែលគេសង្ស័យជាងគេនោះគឺលោក សុន ឆ័យ និងក្រុមរបស់គាត់។ ហេតុដែលពួកគេសង្ស័យលើលោក សុន ឆ័យ គឺដោយសារកន្លងទៅ លោក សុន ឆ័យ ធ្លាប់ធ្វើឲ្យលោកស្រី មួរ សុខហួរ ដែលជាអនុប្រធាបក្សបាក់មុខម្តងហើយតាមរយៈការកែតម្រូវសម្តីលោកស្រីមួរ សុខហួរ ដែលនិយាយថា គណបក្សសង្គ្រោះជាតិនឹងធ្វើពហិការមិនចូលរួមបោះឆ្នោតបើមិនដោះលែងលោក កឹម សុខា។ អនុប្រធានបក្សរូបនេះនិយាយមិនទាំងបានប៉ុន្មានម៉ោងផង លោក សុន ឆ័យ បានធ្វើសន្និសីទកាសែតកែតម្រូវថា ពាក្យសម្តីលោកស្រី មួរ សុខហួរ ជាទស្សនៈបុគ្គលដែលមិនបានពិគ្រោះជាមួយគណៈអចិន្ត្រៃយ៍បក្សទេ។ លោកសុន ឆ័យ បានកែតម្រូវនៅចំពោះមុខលោកស្រី មួរ សុខហួរ ថា គណបក្សសង្គ្រោះជាតិនឹងចូលរួមបោះឆ្នោត។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោក សុន ឆ័យ ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានដែរថា គណបក្សបក្សសង្គ្រោះជាតិនឹងប្តូរប្រធានថ្មីនៅពេលណាដែលតុលាការផ្តន្ទាទោសលោក កឹម សុខា។ ការអះអាងរបស់លោក សុន ឆ័យ ក៏ផ្ទុយពីអ្វីដែលលោកស្រី មួរ សុខហួរ ប្រកាសកាលពីថ្មីដែរថា គណបក្សសង្គ្រោះជាតិនឹងមិនប្តូរប្រធានទៀតទេទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។
ឥឡូវនេះ មន្ត្រីបក្សនៅក្រៅប្រទេសបានសង្ស័យលោក សុន ឆ័យ កាន់តែខ្លាំងហើយពីព្រោះលោក សុន ឆ័យ ដែលនៅក្នុងប្រទេសចេញមុខមាត់ច្រើន ហើយនិយាយបែបសម្របសម្រួលជាមួយបក្សកាន់អំណាច និងតែងតែនិយាយបញ្ច្រាសឲ្យអនុប្រធានរបស់ខ្លួនគឺលោកស្រី មួរ សុខហួរ ជានិច្ច ។ ពួកគេសង្ស័យថា លោក សុន ឆ័យ អាចនឹងឡើងធ្វើប្រធានបក្សជំនួសលោក កឹម សុខា ហើយត្រូវរូវជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រុមអ្នករត់ចោលស្រុកក៏មិនទុកចិត្តលោក កឹម សុខា ដែរ ដោយពួកគេសង្ស័យថា លោក កឹម សុខា អាចនៅតែជាកូនអុករបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដដែល។ ពួកគេសង្ស័យថា មិនយូរមិនឆាប់លោក កឹម សុខា អាចនឹងត្រូវគេដោះលែងវិញក្រោយពេលគណបក្សសង្គ្រោះជាតិរលាយ ឬក៏ត្រូវគេរំលាយចោល។
ក្នុងស្ថានភាពបែកបាក់យ៉ាងជ្រាលជ្រៅបែបនេះ ក្រុមអ្នកវិភាគនៅកម្ពុជា និងនៅក្រៅស្រុកបានប្រមើលឃើញថា បក្សសង្គ្រោះជាតិទំនងជាអាចត្រូវរលាយខ្លួនឯងមុនគេរំលាយទៅទៀត ពីព្រោះពេលនេះផ្ទៃក្នុងគណបក្សនេះកាន់តែវ៉ល់ខ្លាំងពេញបន្ទុកប្រៀបដូចបូសកំពុងរកកលនឹងធ្លាយយ៉ាងដូច្នេះដែរ។ ពេលនេះ មន្ត្រីបក្សសង្គ្រោះជាតិលែងទុកចិត្តគ្នាអស់ហើយ ចេះតែសង្ស័យគ្នាថា ក្បត់បក្ស ហើយមិនដឹងថា អ្នកណាក្បត់អ្នកណា។ ក្នុងស្ថានភាពបាត់ទំនុកចិត្តគ្នាទាំងស្រុងបែបនេះ ពួកគេនៅបែកខ្ញែកគ្នា ដូចគោបែកហ្វូង ខណៈដែលសកម្មជនអ្នកគាំទ្រកំពុងបាក់ទឹកចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងដូចកូនទាហ៊ានបាក់ទ័ព។ ពេលនេះ ជំរុំព្រះ
អាទិត្យពិតជាកំពុងក្តៅខ្លាំងដែលអាចផ្ទុះឆេះក្នុងពេលដ៏ខ្លីខាងមុខ ហើយក្លាយទៅជាផេះមុនពេលតុលាការវិនិឆ្ឆ័យលើបណ្តឹងរំលាយបក្សនេះទៅទៀត៕
ដោយ សូរ គងជ័យ