ខ្មែរប៉ុស្ដិ៍ Close

សម្រែកអ្នកកឹម សុខា និយមពីស្រុកបារាំង៖ យើងមិនអាចទ្រាំរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយបានទៀតទេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 32
សម្រែកអ្នកកឹម សុខា និយមពីស្រុកបារាំង៖ យើងមិនអាចទ្រាំរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយបានទៀតទេ! សម្រែកអ្នកកឹម សុខា និយមពីស្រុកបារាំង៖ យើងមិនអាចទ្រាំរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយបានទៀតទេ!

ខ្ញុំសប្បាយរីករាយដែលបានឃើញសហការីខ្ញុំម្នាក់បាន និយាយចេញនូវអ្វីដែលខ្ញុំនិងអ្នកកឹម សុខា និយមនៅស្រុកបារាំងចង់និយាយដែរ។ ខ្ញុំសូមជំរាបជូនបងប្អូនក្រុមអ្នកគាំទ្រលោកប្រធានកឹម សុខា ទាំងអស់ឲ្យបានជ្រាបថា ពួកយើងបានទ្រាំរស់នៅក្នុងសម្ព័ន្ធភាពដ៏ឈឺចាប់ជាមួយលោក សម រង្ស៊ី យូរពេកហើយ។ ពួកយើង បានដឹងតាំងពីដំបូង ហើយលោក កឹម សុខា ក៏បាននិយាយប្រាប់ពួកយើងជារឿយៗតាំងពីយូរមកហើយដែរថា លោក រង្ស៊ី ជាមនុស្សដែលមានសារជាតិនិងចរឹតយ៉ាងម៉េចនោះ។ ប៉ុន្តែពួកយើងបានបង្ខំចិត្តក្នុងស្ថានភាព មួយដែលយើងគិតថាដើម្បីប្រយោជន៍ជាតិហើយក៏សុខចិត្តរួមរស់ជាមួយក្រុមរបស់លោក សម រង្ស៊ីទៅ។

កាលពីដំបូង ពោលគឺនៅពេលចាប់ផ្តើមបង្កើតគណបក្សសង្គ្រោះជាតិដំបូង យើងសប្បាយរីករាយពីព្រោះយើងបានរួមកម្លាំងគ្នាហើយក៏មានពលរដ្ឋជាច្រើនគាំទ្រយើង។ បើទោះបីជាយើងរស់នៅជាមួយគ្នាប្រៀបដូចប្តីប្រពន្ធមួយគូដែលស្អប់គ្នាយ៉ាងខ្លាំង ហើយត្រូវបានឪពុកម្តាយចាប់បង្ខំឲ្យរៀបការ ក៏ដោយចុះ ប៉ុន្តែយើងអាចទ្រាំបានដើម្បីភាពរឹងមាំរបស់គណបក្ស។ ប៉ុន្តែចាប់តាំងពីលោកកឹម សុខា ត្រូវបានចាប់ខ្លួន និងចាប់ពីពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមក យើងបានទទួលការឈឺចាប់កាន់តែខ្លាំងដោយសារអាកប្បកិរិយាប្រមាថ ដោយត្រង់ៗពីដៃគូរបស់យើងក្នុងសម្ព័ន្ធភាព។

លោក រង្ស៊ី បានប្រមាថជាបន្តបន្ទាប់ចំពោះលោកប្រធាន កឹម សុខា។ ជាក់ស្តែងដូចដែលយើងបានដឹងទាំងអស់គ្នារួចហើយថា លោក រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិដោយគ្មានការព្រមព្រៀងពីលោក កឹម សុខា។ លោក រង្ស៊ី បានភ្នាល់ជាមួយលោក ហ៊ុន សែន អំពីការដោះលែងលោកប្រធាន កឹម សុខា។ លោក រង្ស៊ីបានរៀបចំសន្និសីទដែលមានតែបក្ខពួកគាត់ចូលរួមនៅទីក្រុងអាត្លង់តាដើម្បីប្រកាសតែងតាំងខ្លួនគាត់ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិដោយគ្មានការចូលរួមពីពួកយើងទាំងអស់គ្នាដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរ និងជាក់ស្តែងបំផុតលើលក្ខន្តិកៈគណបក្ស ។ លោក រង្ស៊ី ប្រមាថកាតទានលោកប្រធានកឹមសុខា ថា ការជាប់គុកជារឿងឥតប្រយោជន៍។ ចំណែកពួកយើងជាអ្នកគាំទ្រលោកប្រធាន កឹម សុខា ក៏ទទួល បាននូវការប្រមាថមាក់ងាយយ៉ាងខ្លាំងក្លាពីក្រុមអ្នកគាំទ្រលោក រង្ស៊ី តាមបណ្តាញសង្គមហ្វេសប៊ុក ដោយគ្រាន់តែពួក យើងការពារភាពត្រឹមត្រូវ ការពារលក្ខន្តិកៈគណបក្ស និងការពារកិត្តិយសលោកប្រធាន កឹម សុខា។

ឥឡូវនេះ ជោគវាសនារបស់គណបក្សសង្គ្រោះជាតិបានធ្លាក់ទាំងស្រុងទៅលើលោក សម រង្ស៊ី ដែលកំពុងតែដើរតួជាតួឯកយ៉ាងគឃ្លើន។ យើងមិនទោម្នាស់អ្វីទេប្រសិនបើលោក រង្ស៊ី ធ្វើអ្វីៗដោយត្រឹមត្រូវដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍គណបក្សមែននោះ។ ប៉ុន្តែអ្វីៗដែលយើងបានឃើញចុងក្រោយនេះ គឺជារឿងខុសឆ្គងយ៉ាងខ្លាំងដែលមិនអាចទទួលយកបានជាដាច់ខាត។

លោកប្រធាន កឹម សុខា ធ្លាប់បាននិយាយប្រាប់ពួកយើងថា លោក រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យស្អីនោះទេ គឺគាត់ជាមនុស្សអាត្មានិយម បក្ខពួកនិយមនិងគ្រួសារ និយមយ៉ាងក្រាស់ឃ្មឹក។ ហើយឥឡូវ នេះ អ្វីៗបានបង្ហាញឲ្យពួក យើងបានឃើញច្បាស់ហើយ។ ដូច្នេះខ្ញុំយល់ឃើញថា ដល់ពេលហើយដែលពួកយើងជាក្រុមកឹម សុខា និយមត្រូវរួមគ្នាគិតគូរពីសុខទុក្ខនិងជោគវាសនារបស់លោកប្រធាន កឹម សុខា, សុខទុក្ខ របស់សកម្មជននិងមន្ត្រី កឹម សុខា និយម ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋយើងជាពិសេស អ្នកគាំទ្រលោកប្រធានយ៉ាងច្រើន។ ដល់ពេលហើយដែលយើងត្រូវរើបម្រះចេញពីការគាបសង្កត់ផ្លូវចិត្តដោយការប្រមាថរបស់ដៃគូ ដែលយើងបានទ្រាំជាយូរមក ហើយ។ លោកកឹម សុខា មានប្រជាប្រិយភាពនយោបាយគ្រប់គ្រាន់ ហើយគាត់ក៏ជាអ្នកនយោបាយម្នាក់ដែលបានលះបង់គ្រប់បែបយ៉ាងរាប់ទាំងសេរីភាពរបស់ខ្លួនផង គឺខុសឆ្ងាយស្រឡះពីលោក សម រង្ស៊ី។

ដូច្នេះ ខ្ញុំយល់យ៉ាងច្បាស់ថា លោកប្រធាន កឹម សុខា និងលោក សម រង្ស៊ី មិនអាចដើរផ្លូវជាមួយគ្នាបានទៀតទេ។ ពួកយើងជាអ្នក កឹម សុខានិយម ក៏មិនអាចដើរផ្លូវតែមួយជាមួយ ក្រុមលោក រង្ស៊ីបានទៀតដែរ។ និយាយជារួម យើងមិនអាចទ្រាំរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយនេះបានតទៅទៀតឡើយ។ ដូច្នេះ ដល់ពេលហើយដែលយើងត្រូវកាត់ចំណងសម្ព័ន្ធភាពក្លែងក្លាយនេះចោលដើម្បីអនាគតនយោបាយរបស់ពួកយើងទាំងអស់គ្នា។ យើងមិនអាចយក វាសនារបស់ពួកយើងទៅផ្ញើជាមួយអ្នកដែលមិនស្មោះជាមួយយើងនិងប្រមាថមាក់ងាយយើងយ៉ាងខ្លាំងដូច្នេះឡើយ។ យើងក៏មិនត្រូវផ្កាប់បំពង់រង់ចាំទឹកភ្លៀងនោះដែរ។ ដល់ពេល ហើយដែលយើងត្រូវចេញមុខ រួមគ្នាដើម្បីបុព្វហេតុរបស់យើង។ ពួកយើងរង់ចាំឥស្សរជនម្នាក់ខាងភាគីកឹម សុខានិយម ចេញមុខដើម្បីដឹកនាំពួកយើងទាំងអស់គ្នាឲ្យមានភាពកក់ក្តៅហើយយើងរួមគ្នាដើម្បីសេរីភាព លោកប្រធាន កឹម សុខា៕ Il est temps et très imminent de nous soulever et débarrasser de cette fausse alliance avec Rainsy !

ពី ៖ អ្នកកឹម សុខានិយមស្រុកបារាំង