ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូ ធ្វើកំណាយស្រាវជ្រាវខឿនព្រះវិហារពុទ្ធសាសនានៅអង្គរធំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូ ធ្វើកំណាយស្រាវជ្រាវខឿនព្រះវិហារពុទ្ធសាសនានៅអង្គរធំ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូ ធ្វើកំណាយស្រាវជ្រាវខឿនព្រះវិហារពុទ្ធសាសនានៅអង្គរធំ

អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូប្រទេសកាណាដា បើកគម្រោងស្រាវជ្រាវមួយឈ្មោះ “គម្រោងព្រះវិហារអង្គរ” (Angkor Vihara Project) ដោយបានធ្វើការសម្អាតទីតាំងខឿនព្រះពុទ្ធសាសនាថេរវាទចំនួន៨ទីតាំង នៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង។ គម្រោងនេះមានរយៈពេលជិត១ខែ ចាប់ផ្តើមពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

បេក្ខភាពបណ្ឌិត Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project ដែលជាបុរាណវិទូនៃសាកលវិទ្យាល័យជាតិតូរូនតូបានឱ្យដឹងថា ការរកឃើញខឿនព្រះវិហារព្រះពុទ្ធសាសនានៅអង្គរធំគឺជាង១០០ឆ្នាំមកហើយ ដោយជនជាតិអាមេរិក បារាំង និងខ្មែរ ដែលមានចំនួនសរុប៧០កន្លែង។ ប៉ុន្តែការធ្វើកំណាយស្រាវជ្រាវសាកល្បងគឺតែពីរខឿនព្រះវិហារព្រះពុទ្ធសាសនាទេ។ កន្លងមក មានការស្រាវជ្រាវតិចតួចណាស់អំពីសំណង់ខឿនពុទ្ធសាសនាថេរវាទនៅអង្គរដូច្នេះទើបសាកលវិទ្យាល័យជាតិតូរូនតូសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើកំណាយសាកល្បងដើម្បីដឹងពីរចនាសម្ព័ន្ធសំណង់។ សំណង់នេះសាងសង់ពីស.វទី១៣ដល់ទី១៧នៃគ្រឹស្តសករាជ។ តើប្រាសាទព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយានសម័យអង្គរ ខុសគ្នាពីសំណង់ពុទ្ធសាសនាថេរវាទសម័យកណ្តាលដែលជាសម័យអន្តរកាលដូចម៉្តេច?

លោក Andrew បន្តថា ការស្រាវជ្រាវជំហានដំបូង គឺសម្អាតទីតាំងខឿនព្រះវិហារចំនួន៨កន្លែងផ្សេងៗគ្នា និងធ្វើកំណាយ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅខាងជើងក្លោងទ្វារទន្លេអុំ ចម្ងាយប្រហែល៥០០ម៉ែត្រ បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ-ចិន បំណែកព្រះហស្ថព្រះពុទ្ធ ទំហំប្រវែង៣៥សង់ទីម៉ែត្រ បល្ល័ង្គ និងរូបរាងរចនាសម្ពន្ធព្រះវិហារ។ ទីតាំងទី២ ស្ថិតនៅខាងលិចក្លោងទ្វារតាកាវប្រហែល៦០០ម៉ែត្រ គឺមិនមានចេតិយនៅក្រោយព្រះវិហារទេ មានតែខឿនរាបស្មើ មានផ្លូវចូលប្រវែង៥០ម៉ែត្រ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ និងមានបល្ល័ង្គខ្ពស់នៅពីលើខឿន។ រីឯផ្នែកខាងត្បូង មានខឿនខ្ពស់សម្រាប់ព្រះសង្ឃគង់។ បន្ថែមពីនោះមានយ៉នៅមុខព្រះវិហារធ្វើពីថ្មភក់និងថ្មបាយក្រៀម ដែលមានស្លាកស្នាមមានដំបូលប្រក់ក្បឿង និងមានដំរីនៅពីមុខផ្លូវចូលចំនួនមួយ ដែលដេកដួលជាមួយសន្លឹកសីមា (តាមការសន្និដ្ឋានគួរតែមានដំរី១គូ) ដែលដូចទៅនឹងខឿនព្រះវិហារនៅប្រាសាទតាទួត មានផ្លូវចូលក្រាលថ្មភក់លាយថ្មបាយក្រៀម និងដំរីអមផ្លូវ១គូ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អ្នកសម្របសម្រួលគម្រោងតំណាងភាគីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលដែលបានរកឃើញទាំងនេះសបញ្ជាក់ថា ខឿនព្រះពុទ្ធសាសនាថេរវាទពិតជាមានប្រាកដ មានរូបរាងនិងទំហំខុសៗគ្នាច្រើនប្រភេទនៅអង្គរធំ។ ខឿនទាំងនេះបង្ហាញពីការចាប់ផ្តើមនៃសំណង់ព្រះពុទ្ធសាសនាថេរវាទនៅតំបន់អង្គរ ក៏ដូចនៅស្រុកខ្មែរទាំងមូល។ ទៅអនាគត យើងត្រូវធ្វើបញ្ជីខឿនព្រះពុទ្ធសាសនាទាំងនេះ បែងចែកប្រភេទ ធ្វើកំណាយស្រាវជ្រាវ និងប្រៀបធៀបជាមួយសំណង់ប្រភេទនេះនៅក្នុងតំបន់។

ក្នុងនាមជាអ្នកស្រាវជ្រាវមានបទពិសោធន៍សហប្រតិបត្តិការជាមួយអន្តរជាតិច្រើនគម្រោង លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិតូរូនតូដែលបានសហការស្រាវជ្រាវជាមួយអាជ្ញាធរជាតិអប្សរា ព្រោះការសហការជាមួយស្ថាប័នអន្តរជាតិធ្វើឱ្យខ្មែរបានរៀនសូត្រពីបច្ចេកទេសថ្មីៗ និងបានផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បុរាណវត្ថុ និងប្រាង្គប្រាសាទបុរាណខ្មែរទៅកាន់ពិភពលោក។ លើសពីនោះ យើងអាចសរសេរអត្ថបទបោះពុម្ភផ្សព្វផ្សាយរួមគ្នាអំពីលទ្ធផលនៃការស្រាវជ្រាវដែលរកឃើញថ្មីៗ។ តាមរយៈកិច្ចការនេះ អ្នកជំនាញជាតិក៏មានឱកាសពង្រឹងសមត្ថភាពធ្វើការដោយខ្លួនឯង និងបន្តការសហការជាមួយអន្តរជាតិ ដើម្បីបង្កើនទំនាក់ទំនងល្អឱ្យបានកាន់តែច្រើន។ ដោយសារការស្រាវជ្រាវនៅតែរកឃើញថ្មីរហូត ដូច្នេះលទ្ធផលទាំងនោះអាចចូលរួមចំណែកបកស្រាយប្រវត្តិខ្មែរឱ្យកាន់តែទូលំទូលាយទៀត។

គួរបញ្ជាក់ដែរថា នេះជាស្ថាប័នទី៣ហើយ ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីកំណាយស្រាវជ្រាវពីការវិវត្តន៍នៃរចនាសម្ព័ន្ធព្រះវិហារព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីសាលាបារាំងចុងបូព៌ា និងស្ថាប័នណារ៉ានៃប្រទេសជប៉ុន។ ខឿនព្រះវិហារព្រះពុទ្ធសាសនាថេរវាទនៅក្នុងក្រុងអង្គរធំ មានចំនួន៧០ទីតាំង អាយុកាលចាប់ពីស.វទី១៣ ដល់១៧ មានរូបរាងខុសគ្នាតាមសម័យកាល៕

អត្ថបទទាក់ទង