ខ្មែរប៉ុស្ដិ៍ Close

ប្រទេស វេណេស៊ុយអេឡា បណ្តេញអ្នកកាទូតកំពូលរបស់សហភាពអឺរ៉ុបក្រោយទទួលការដាក់ទណ្ឌកម្មថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
ប្រទេស វេណេស៊ុយអេឡា បណ្តេញអ្នកកាទូតកំពូលរបស់សហភាពអឺរ៉ុបក្រោយទទួលការដាក់ទណ្ឌកម្មថ្មី លោកស្រី Isabel Brilhante Pedrosa នៅប៉ុន្មានម៉ោងមុនពេលបណ្ដេញចេញពីប្រទេសវេណេស៊ុយអេឡា

កាលពីថ្ងៃពុធកន្លងទៅ រដ្ឋាភិបាលវេណេស៊ុយអេឡាបានបញ្ជាឱ្យបណ្តេញប្រមុខការទូតរបស់សហភាពអឺរ៉ុបប្រចាំនៅអាមេរិកខាងត្បូង បន្ទាប់ពីប្លុកនេះបានសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីវេណេស៊ុយអេឡាជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ថា បានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ឬរំលោភសិទ្ធិមនុស្ស។

លោកស្រី Isabel Brilhante Pedrosa ត្រូវបានផ្តល់ពេលឱ្យ ៧២ ម៉ោង ដើម្បីចាកចេញពីប្រទេសដែលកំពុងតែមានបញ្ហានេះ។

រដ្ឋមន្រ្តីការបរទេស វេណេស៊ុយអេឡា លោក Jorge Arreaza បាននិយាយថា៖

«ប្រធានាធិបតី Nicolas Maduro បានសម្រេចចិត្តថា : លោកស្រី Brilhante Pedrosa នឹងលែងត្រូវបានស្វាគមន៍ ទៀតហើយ»។

លោក Arreaza បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកការទូតអឺរ៉ុបនៅរដ្ឋធានី ការ៉ាកាស់ ថា «ស្ថានភាពនៃការឈ្លានពានបានធ្វើឱ្យយើងគ្មានជម្រើសទេ ហើយនេះក៏ដោយសារតែការមិនគោរពច្បាប់អន្តរជាតិនិងការអនុលោមតាមអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត»

លោក Arreaza
លោក Arreaza

លោក Arreaza បាននិយាយថា៖

«យើងបានធ្វើវា ព្រោះតែមានសេចក្តីសម្រេចចំនួន ៥៥ ដងរួចទៅហើយ នៃអ្វីដែលគេហៅថាជាការដាក់ទណ្ឌកម្មនៅក្នុងសហភាពអឺរ៉ុប ឬនៅក្នុងប្រព័ន្ធរបស់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យពួកគេមើលទៅហាក់ដូចជាមានសិទ្ធិអំណាច។ ក៏ប៉ុន្តែពួកគេមិនមានសិទ្ធិ ឬអំណាចដើម្បីដាក់ទណ្ឌកម្មណាមួយលើពលរដ្ឋនៃប្រទេសដទៃនោះទេ»។

សកម្មភាពរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាបានកើតឡើងនៅ ២ ថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើមន្រ្តីវេណេស៊ុយអេឡាចំនួន ១៩ នាក់ ដោយការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងហាមឃាត់ពួកគេមិនឱ្យធ្វើដំណើរទៅកាន់ប្លុកអឺរ៉ុប ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតខែធ្នូឆ្នាំ ២០២០ ។

រហូតមកដល់ពេលនេះ មន្រ្តីរបស់ប្រទេសវេណេស៊ុយអេឡាចំនួន ៥៥ នាក់ ហើយដែលបានទទួលរងនូវទណ្ឌកម្មពីសហភាពអឺរ៉ុប។

បណ្តារដ្ឋមន្រ្តីរបស់សហភាពអឺរ៉ុបបាន និយាយថា៖

«បុគ្គលដែលត្រូវបានបញ្ចូល ទៅក្នុងបញ្ជី គឺសុទ្ធតែជាអ្នកទទួលខុសត្រូវជាចម្បងចំពោះការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ក្រុមប្រឆាំង និងដំណើរការ ប្រជាធិបតេយ្យរបស់រដ្ឋសភា, ការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតលើសេរីភាពមូលដ្ឋាន» ។

នេះជាលើកទី ២ ហើយក្នុងរយៈពេលជិត ៨ខែ ដែលលោកស្រី Brilhante Pedrosa ត្រូវបានប្រកាសថាជាមនុស្សដែលមិនត្រូវបានស្វាគមន៍ និងត្រូវបញ្ជាឱ្យចាកចេញពីប្រទេសវេណេស៊ុយអេឡា ហើយករណីទាំង២នេះ សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងមន្រ្តី ក៏ដូចជាសម្ព័ន្ធមិត្តរបស់លោក Maduro។

កាលពីខែមិថុនា លោកស្រី Brilhante Pedrosa អាចបន្តស្ថិតនៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសគឺ លោក Josep Borrell និងលោក Arreaza បានឯកភាពគ្នាលើភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងការទូតដើម្បី «សម្រួលដល់កិច្ចពិភាក្សានយោបាយ»

កាលពីថ្ងៃពុធ លោក Arreaza បានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មជាថ្មីម្តងទៀតនិងបាននិយាយថា «លោក Maduro មានចិត្តទូលាយដែលបានអនុញ្ញាតឱ្យអ្នកការទូតអឺរ៉ុបបន្តស្ថិតនៅក្នុងប្រទេស បន្ទាប់ពីប្រទេសជាច្រើន បានចាត់ទុកមេដឹកនាំប្រឆាំង Juan Guaidó ជាមេដឹកនាំរបស់ប្រទេសនេះ»

លោក Guaidó ដែលជាអតីតប្រធានរដ្ឋសភាបានប្រកាសខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្ននៅឆ្នាំ ២០១៩ ហើយត្រូវបាន ប្រទេសចំនួន ៦០ ទទួលស្គាល់ថាជាមេដឹកនាំស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា ដោយលើកហេតុផលថា «ការជាប់ឆ្នោតឡើងវិញរបស់លោក Maduro នៅឆ្នាំ ២០១៧ គឺជាការបោកប្រាស់»

បណ្តាប្រទេសដែលបានទទួលស្គាល់លោក Guaidó រួមមានទាំងប្រទេសអេស្ប៉ាញ, បារាំង, ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។

លោក Maduro បានចោទប្រកាន់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ពីការប៉ុនប៉ងបង្ខំរូបលោកឱ្យចុះចេញពីអំណាច។

លោក Nicolas Maduro ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្ន
លោក Nicolas Maduro ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្ន

នៅថ្ងៃពុធនេះ លោក Arreaza បាន ប្រគល់កំណត់ទូតតវ៉ាទៅកាន់ឯកអគ្គរដ្ឋទូត បារាំងនិងអាល្លឺម៉ង់ ក៏ដូចជាប្រមុខដឹកនាំបេសកកម្មរបស់ប្រទេសអេស្ប៉ាញនិងហូឡង់ ដោយរដ្ឋាភិបាលវេណេស៊ុយអេឡាបានចោទប្រកាន់បណ្តាប្រទេសទាំងនោះថាបានរៀបចំការដាក់ទណ្ឌកម្មជាថ្មី។

អ្នកនាំពាក្យរបស់សហភាពអឺរ៉ុប លោក Peter Stano បានទទូចដល់រដ្ឋាភិបាលវេណេស៊ុយអេឡាឱ្យដកការសម្រេចចិត្ត ក្នុងការបណ្តេញលោកស្រី Brilhante Pedrosa ដោយបាន និយាយថា «ការធ្វើ បែបនេះនឹងបង្កឱ្យប្រទេសវេណេស៊ុយអេឡាកាន់តែឯកោពីអន្តរជាតិសារជាថ្មី»

លោក Peter Stano
លោក Peter Stano

លោកបានបន្តថា៖

«វ៉េណេស៊ុយអេឡានឹងអាចយកឈ្នះលើវិបត្ដិដែលកំពុងកើតមានតាមរយៈការចរចានិងការសន្ទនាដូចដែលសហភាពអឺរ៉ុបបានលើកឡើង ក៏ប៉ុន្តែការសម្រេចចិត្តនេះនឹងបង្កអន្តរាយកាន់តែធ្ងន់ធ្ងរ» ។

ប៉ុន្មានម៉ោងក្រោយមក លោក Maduro បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា៖

«វេណេស៊ុយអេឡានឹងស្វាគមន៍សហភាពអឺរ៉ុប ប្រសិនបើពួកគេបង្ហាញនូវការគោរព និងកែប្រែជំហររបស់ពួកគេ។ តែបើមិនមានការធ្វើបែបនេះទេ នោះវេណេស៊ុយអេឡានឹងមិនសន្ទនាជាមួយសហភាពអឺរ៉ុបនោះទេ»។

វ៉េណេស៊ុយអេឡាកំពុងតែទទួលរងនូវវិបត្តិនយោបាយ, សង្គម និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្លៃប្រេងនិងការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាល។

ប្រទេសវ៉េណេស៊ុយអេឡាបានស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មនុស្សរាប់លាននាក់បានធ្លាក់ ទៅក្នុងភាពក្រីក្រ ខណៈដែលតម្លៃម្ហូបអាហារក៏មានតម្លៃខ្ពស់ ហើយប្រាក់ឈ្នួលនៅតែមានកម្រិតទាបបូករួមនឹងអតិផរណា ដែលស្ថិតក្នុងអត្រារហូតដល់ ៤ ខ្ទង់ឯណោះ។ Euro News