ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨

ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានតម្លៃ ២,៨៨ពាន់លានដុល្លារ និងការនាំចូលមានតម្លៃ ៤២៦លានដុល្លារ ដែលធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា នេះបើតាមលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកម្មវិធីកសាងសមត្ថភាពផ្សេងទៀត។

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តគោលនយោបាយបើកចំហ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅគ្រប់កម្រិត ដើម្បីទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿមុតមាំថា ប្រទេសទាំងពីរត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ស្របពេលដែលពិភពលោក មានការផ្លាស់ប្តូរមិនទៀងទាត់ នៅក្នុងរបៀបវារៈពាណិជ្ជកម្មអន្តរជាតិ ហើយតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី៥នេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ភាគីទាំងពីរ ធ្វើការតាមដាន និងធ្វើបច្ចុប្បន្នភាពបញ្ហាដែលនៅសេសសល់ រួមជាមួយបញ្ហាថ្មីៗផ្សេងទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទាំងពីរ ដូចដែលមានចែងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ វិស័យពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះការនាំចេញទំនិញសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១២,១ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ១០% ធៀបនឹងឆ្នាំ២០១៧ ហើយទឹកប្រាក់នេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនឡើងដល់ប្រមាណ ១៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខាងមុខ៕

អត្ថបទទាក់ទង