ខ្មែរប៉ុស្ដិ៍ Close

ទណ្ឌិត សម រង្ស៉ី បន្តបំផ្លិចបំផ្លាញជាតិតាមរយៈបន្តអំពាវនាវឱ្យសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 70
ទណ្ឌិត សម រង្ស៉ី បន្តបំផ្លិចបំផ្លាញជាតិតាមរយៈបន្តអំពាវនាវឱ្យសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា ទណ្ឌិត សម រង្ស៉ី បន្តបំផ្លិចបំផ្លាញជាតិតាមរយៈបន្តអំពាវនាវឱ្យសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា

ជាថ្មីម្តងទៀតបើទោះបីដឹងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើទំនិញរបស់កម្ពុជា នឹងអាចនាំឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី ទណ្ឌិត សម រង្ស៉ី នៅតែបន្តបំផ្លិចបំផ្លាញជាតិ តាមរយៈបន្តអំពាវនាវដល់សហភាពអឺរ៉ុបឱ្យដកការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាដែលនាំចូលទៅផ្សារសហភាពអឺរ៉ុប។

ទណ្ឌិត សម រង្ស៉ី បានបង្ហោះនៅលើ Facebook នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាយន្តការតែមួយគត់សម្រាប់ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីអំពាវនាវទៅកាន់សហភាពអឺរ៉ុបទណ្ឌិត សម រង្ស៉ី បានគូសបញ្ជាក់យ៉ាងដូច្នេះ «សូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់សហភាពអឺរ៉ុប (ក្នុងនោះមានសភាអឺរ៉ុប គណៈកម្មាធិការអឺរ៉ុប និងប្រទេសជាសមាជិកទាំងអស់) ចំពោះការខិតខំប្រឹងប្រែង (ការព្យួរ EBA) និងការប្តេជ្ញាជួយការពារសិទ្ធិមនុស្ស និងជួយស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ទៅសហភាពអឺរ៉ុបថា ប្រតិកម្មរបស់សហភាពអឺរ៉ុប ឆ្លើយតបទៅនឹងការរំកិលទៅរកអំណាចផ្តាច់ការនៅប្រទេសកម្ពុជា (គឺការព្យួរកម្មវិធីអនុគ្រោះពន្ធដារ EBA) គឺជាវិធានការត្រឹមត្រូវ និងសមស្រប ដែលយើងអាចទទួលយកបាន»។

តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា មាត្រា៤៩ថ្មី បានចែងយ៉ាងច្បាស់ថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់»។

ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA)» ត្រូវបានអនុម័តដោយវិធានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួច ទទួលបានការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល និងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផង ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុបមានដូចជាសម្លៀក បំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។

ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។ ដូច្នេះបើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ បែរមកយកពន្ធលើទំនិញរបស់កម្ពុជាវិញ នឹងនាំឲ្យកម្ពុជាខាតបង់ថវិកាជិត ៧០០លានដុល្លារសម្រាប់ការបង់ពន្ធនេះ។

ការដកប្រព័ន្ធអនុគ្រោះរបស់អឺរ៉ុបត្រូវបានអ្នកវិនិយោគ និងធុរជន បានលើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប នឹងប៉ះពាល់មុនគេទៅលើវិស័យវេយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។ វិស័យនេះបានផ្តល់ការងារជាង៨០ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ដែលភាគច្រើនជាស្ត្រីមកតាមទីជនបទដោយប្រាក់ចំណូលជូនពួកគេជិត ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះបើអឺរ៉ុបអនុវត្តន៍វិធានការដកប្រព័ន្ធអនុគ្រោះពន្ធតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី មែននោះ ប្រជាពលរដ្ឋខ្មែរដែលធ្វើការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជាអ្នករងផលប៉ះពាល់មុនគេ។ ពាក់ព័ន្ធនឹងការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធអ្នកវិនិយោគ និងធុរជន ក៏ដូចជាតំណាងឲ្យអ្នករកស៊ីមកពីបណ្តាប្រទេសនៅសហភាពអឺរ៉ុបសុទ្ធតែបានអំពាវនាវឲ្យសហភាពអឺរ៉ុបពិចារណាលើការអនុវត្តន៍វិធានការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ពួកគេបានមើលឃើញថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ទល់ជាមួយវិធានការរបស់សហភាពអឺរ៉ុបលើរឿងដកប្រព័ន្ធអនុគ្រោះពន្ធ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងហើយថា នឹងមិនយកអធិបតេយ្យរបស់ជាតិទៅដោះដូរនឹងជំនួយ ក៏ដូចជាការគំរាមកំហែងដកប្រព័ន្ធអនុគ្រោះពន្ធទំនិញរបស់អឺរ៉ុបនោះឡើយ។ ដើម្បីជាវិធានការទប់ទល់នឹងការគំរាមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ចាប់ផ្តើមធ្វើកំណែទម្រង់មួយចំនួនសម្រាប់សម្រួលដល់ការធ្វើធុរកិច្ចរបស់អ្នករកស៊ីនៅកម្ពុជា។ វិធានការទាំងនោះមានដូចជាការដកស្ថាប័នកាំកុងកុងត្រូលនៅតាមមាត់ច្រក និងការលុបចោលភ្នាក់ងារកម្ពុជានាវាចរ «កាំសាប»៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង