ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រសម រង្ស៊ី ឆ្ពោះទៅរកអតីតកាលរីឯក្រុមកឹម សុខា និងគង់ គាំ ស្ថិតក្នុងយុទ្ធសាស្ត្រឆ្ពោះទៅអនាគតកាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 54
លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រសម រង្ស៊ី ឆ្ពោះទៅរកអតីតកាលរីឯក្រុមកឹម សុខា និងគង់ គាំ ស្ថិតក្នុងយុទ្ធសាស្ត្រឆ្ពោះទៅអនាគតកាល លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រសម រង្ស៊ី ឆ្ពោះទៅរកអតីតកាលរីឯក្រុមកឹម សុខា និងគង់ គាំ ស្ថិតក្នុងយុទ្ធសាស្ត្រឆ្ពោះទៅអនាគតកាល

ក្រុមអ្នកនយោបាយប្រឆាំងពេលនេះ មិនដូចពីពេលមុនឡើយ គឺប្រែប្រួលស្ទើរតែទាំងស្រុងទាំងថ្នាក់ដឹកនាំ កម្លាំងគាំទ្រ និងទាំងយុទ្ធសាស្ត្រនយោបាយក្រោយពីខ្លួនបានដើរខុសយុទ្ធសាស្ត្រ ឱនក្បាលធ្វើខ្ញុំកញ្ជះបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌ឡើងដឹកនាំប្រទេសមិនតាមមធ្យោបាយប្រជាធិបតេយ្យ។ រយៈពេលជាងមួយឆ្នាំក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយច្បាប់ក្រោយពីកម្លាំងរបស់ក្រុមខ្មោចបក្សសង្គ្រោះជាតិ បានបែកបាក់ពីគ្នា ចែកចេញជាបី គឺក្រុម សម រង្ស៊ី ក្រុម កឹម សុខា និងក្រុម គង់ គាំ។ ក្រុមសម រង្ស៊ី និងក្រុម កឹម សុខា ជាកម្លាំងនយោបាយដែលគេបានដឹងថាព្យាយាមដណ្តើមឥទ្ធិពលគ្រប់គ្រងក្នុងជួរបក្សរៀងខ្លួនតាំងពីដើមរៀងមក ចំណែកក្រុម គង់ គាំ ត្រូវបានគេមើលឃើញថា ជាប៉ូលនយោបាយថ្មីមួយដែលកើតចេញពីការបែកបាក់នៃខ្មោចបក្សសង្គ្រោះជាតិ ហើយកំពុងតែប្រមូលផ្តុំកម្លាំងថ្មីមួយធ្វើដំណើរឆ្ពោះទៅមុខ ខណៈគ្រួសារត្រកូលគង់ ក្នុងនោះមាន គង់ គាំ និងគង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយឡើងវិញកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីទ្រង់បានយល់នូវសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្នុងចំណោមក្រុមនយោបាយទាំងបីនេះ សម រង្ស៊ី ត្រូវបានគេមើលឃើញថាកំពុងតែរៀបចំនូវយុទ្ធសាស្ត្រ និងសេណារីយ៉ូនយោបាយមួយដើរទៅរកអតីតកាល ព្រោះបាននិងកំពុងដេកយល់សប្តិកណ្តាលថ្ងៃត្រង់រំពឹងថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ និងទទួលបានមកវិញនូវអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអាចទាមទារឱ្យមានការបោះឆ្នោតសភា និងព្រឹទ្ធសភាឡើងវិញ។ នេះគ្រាន់តែជាការវិលវល់ក្នុងអតីតកាលតែប៉ុណ្ណោះ ដោយមិនបានបើកភ្នែកមើលថាតើកម្ពុជាបាននិងកំពុងបោះជំហានដល់ណាទៅហើយ និងតើកម្លាំងរបស់ខ្មោចគណបក្សសង្គ្រោះជាតិកំពុងស្ថិតនៅក្នុងចំណុចណា? កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សម រង្ស៊ី បានប្រើយុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង» ដោយបានអំពាវនាវឱ្យពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតកុំទៅបោះឆ្នោត តែទីបំផុតមានឈ្នះមែនគឺឈ្នះតែម្នាក់ឯងប៉ុណ្ណោះ។ ឥឡូវ សម រង្ស៊ី ក៏បន្តអនុវត្តយុទ្ធសាស្ត្រដេកផ្ទះ ឈ្នះឯងទៀតដោយគំរាមព្រមានអ្នកដែលជាប់បំរាម មិនឱ្យធ្វើនយោបាយតាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កុំស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញបានដោយអះអាងថា អ្វីៗនឹងទទួលបានមកវិញពេល ខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ យុទ្ធសាស្ត្រនេះពិតជាយុទ្ធសាស្ត្រចាញ់ចាញ់ទៀតហើយ ព្រោះ ប្រហែលទាល់តែសេះដុះស្នែងហើយមើលទៅទើបក្តីស្រមៃនេះអាចកើតមានឡើង។

ខណៈសម រង្ស៊ី ដណ្តើមខ្មោចបក្សសង្គ្រោះជាតិពី កឹម សុខា មកគ្រប់គ្រងតាមរយៈការធ្វើបក្សប្រហារ កំពុងតែរស់នៅក្នុងអតីតកាលរបស់ខ្លួន សម្រាប់ក្រុម កឹម សុខា ទោះបីជាមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែក៏បានរៀបចំជើងព្រួលរួចជាស្រេចទៅហើយក្នុងជំហានបោះទៅមុខឆ្ពោះទៅរកយុទ្ធសាស្ត្រក្នុងសេណារីយ៉ូបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅឆ្នាំ ២០២៣។ ពេលនេះទ្វារនៃការស្តារនីតិសម្បទានយោបាយឡើងវិញ បានបើកហើយ នោះក្រុមកឹម សុខា និយមក៏បាននិងកំពុងរៀបចំខ្លួនទាមទារសិទ្ធិធ្វើនយោបាយដែលជាការការអនុវត្តច្បាប់។ ការស្នើសុំសម្បទាធ្វើនយោបាយឡើងវិញនេះមិនមែនជាការទទួលស្គាល់កំហុស និងសុំអភ័យទោសចំពោះ ទង្វើខុសច្បាប់របស់ខ្លួនដូចដែលទណ្ឌិតសម រង្ស៊ី និងអ្នកនយោបាយផ្សេងទៀតដែលជាប់ទោសបានធ្វើដើម្បី ទទួលបានការលើកលែងទោសឡើយ។ ប៉ុន្តែជាការផ្តល់ឱកាសឱ្យខ្លួនឯង និងសម្រេចនូវឆន្ទៈរបស់ខ្លួនដែលចង់ជួយសង្គ្រោះមេបក្ស កឹម សុខា និងអ្នកគាំទ្ររបស់ខ្លួន។ ពួកគេនឹងមិនរស់ដោយស្លាប់ក្រឡាដូចក្រុមសម រង្ស៊ី ឡើយ ប៉ុន្តែនឹងរៀបចំសេណារីយ៉ូមួយឆ្ពោះទៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ យ៉ាងពិតប្រាកដដូចអ្វីដែល គ្រួសារត្រកូល គង់ បាននិងកំពុងធ្វើ។ ប្រសិនបើយឺតយ៉ាវក្នុងការចាប់យកឱកាស នោះអ្វីៗអាចនឹងយឺតយ៉ាវ ឬក៏បាត់បង់គ្មានថ្ងៃវិលត្រឡប់មកវិញ។

អ្វីដែលគេមើលឃើញពីអំណេះតទៅ សម រង្ស៊ី និងបក្ខពួកខ្លួននឹងបាត់បង់ទីតាំងឈរជើងនយោបាយយ៉ាងពិតប្រាកដព្រោះ សម រង្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅអតីតកាល ខណៈក្រុម កឹម សុខា និងក្រុម គង់ គាំ កំពុងធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។ ការធ្វើបក្សប្រហារដណ្តើមយកឈ្មោះជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិរបស់ សម រង្ស៊ី បានត្រឹមតែស្អុយឈ្មោះ និងធ្វើឱ្យគេឯងដឹងក្រយ៉ៅពិតរបស់ខ្លួនគឺ សម រង្ស៊ី ជាមនុស្សអត្តនោម័ត និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តដើរលើសាកសពអ្នកដទៃដើម្បីសម្រេចនូវមហិច្ឆតាដ៏ឆ្កួតលេលារបស់ខ្លួន រំលោភលក្ខន្តិកៈបក្ស និងបំពានដៃគូនយោបាយខ្លួន។ អ្នកនយោបាយបែប សម រង្ស៊ី នេះគ្មានប្រយោជន៍អ្វីសម្រាប់កម្ពុជាទេ ហើយភាពខុសឆ្គងនៃការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនគឺ ជាបរាជ័យក្នុងជីវិតនយោបាយរបស់ខ្លួន។ ទីបំផុត សម រង្ស៊ី បានត្រឹមរស់ក្នុងអតីតកាលប៉ុណ្ណោះ គឺទៅមុខមិនរួចឡើយ ហើយក៏ដល់ពេលដែលត្រូវសម្រាកដែរ!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩

អត្ថបទទាក់ទង