លោកអនុប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហាញភាពរីករាយក្នុងការសិក្សារៀន សូត្រពីការអភិវឌ្ឍនៅកម្ពុជា និងប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទឹកដីអង្គរខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូណេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
លោក ម៉ូហាម៉េដ យូសុហកាឡា បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACC បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នាពេលកន្លងទៅនេះ។
លោកអនុប្រធានាធិបតីរូបនេះ ក៏បានថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានទទួលរាក់ទាក់ស្វាគមន៍ ក្នុងការទទួលប្រតិភូរបស់លោក។ ក្នុងន័យនេះ លោកក៏បានជម្រាបជូនថា លោកបានដឹកនាំគណៈប្រតិភូ មកកាន់កម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោក ម៉ូហាម៉េដ យូសុហកាឡា បញ្ជាក់បន្ថែមថា នេះគឺជាសកម្មភាពមួយដើម្បីឆ្លុះបញ្ចាំង និងចូលរួមធ្វើយ៉ាងណាពង្រឹង ទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅក្នុងខួបអនុស្សាវរីយ៍ នៃទំនាក់ ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ប្រតិភូរបស់ឥណ្ឌូណេស៊ី ដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងពីររបស់កម្ពុជា។ លោកបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អ និងជាទីមោទនៈផងដែរ។ លោក ក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី បានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា នាពេលនោះ ឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំជីម១ និងជីម២ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាធ្វើជាសហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ី ដែលកន្លងមកបានជួយដល់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងជួយដល់កម្ពុជា ជាពិសេសនិស្សិតកម្ពុជា ដែលបានទៅរៀននៅឥណ្ឌូណេស៊ី ហើយបានត្រទ្បប់មកធ្វើការបម្រើ ប្រទេសជាតិ។ ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះអារម្មណ៍របស់លោក ម៉ូហាម៉េដ យូសុហកាឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យការរៀបចំចាប់ ផ្ដើមក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅទីក្រុងសៀមរាបនេះ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់៕