ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នេីបរទេសកុំបន្តប្រព្រឹត្តកំហុសជាលើកទី ៣ ចំពោះកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បរទេសមិនគួរបន្តប្រព្រឹត្តកំហុសជាលើកទី៣ទេចំពោះកម្ពុជា ដែលកំហុសទី១ គឺគាំទ្រការផ្តួលរំលំ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះនរោត្តមសីហនុ ដែលជាអតីតរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា។ កំហុសទី២ គឺការគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិជាង ១២ឆ្នាំ នៅពេលដែលខ្មែរក្រហមបានកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ និងកំហុសទី៣ គឺការប្រើប្រាស់ EBA មកគម្រាមកំហែង និងដាក់ ទណ្ឌកម្មមកលើកម្ពុជា ។ គម្រាមដក EBA ពីកម្ពុជា និងយកប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ១៦លាននាក់ជាចំណាប់ខ្មាំង។
លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើកម្ពុជា គឺស្មើនឹងការសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា ប៉ុន្តែមិនមែនមានន័យថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាស្លាប់តាមនោះទេ ដោយសារកម្ពុជាមាន២០គណបក្សចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតកន្លងមកប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន៕