ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ ៨ ចំណុចសំខាន់ៗ ដល់ស្ថាប័នសារព័ត៌មានទាំងអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ ៨ ចំណុចសំខាន់ៗ ដល់ស្ថាប័នសារព័ត៌មានទាំងអស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ ៨ ចំណុចសំខាន់ៗ ដល់ស្ថាប័នសារព័ត៌មានទាំងអស់

ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកកាសែតប្រមាណជិត៥ពាន់នាក់ នៅក្នុងពិធីជួបជុំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកសារព័ត៌មានដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់ត្រូវអនុវត្តនូវចំណុចសំខាន់ៗចំនួន៨។

ចំណុចសំខាន់ៗ ដែលជាសំណូមពររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះស្ថាប័នសារព័ត៌មានទាំងអស់រួមមាន៖
ទី១- ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជនទាំងអស់ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឱ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
ទី២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិតដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋអោយបានយល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ គឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍អោយមានប្រសិទ្ធភាព។
ទី៣- ស្នើឱ្យសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ហើយក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
ទី៤- សំណូមពរឱ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឱ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។
ទី៥- សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានត្រឹមត្រូវ មានក្រមសីលធម៌វិជ្ជាជីវៈ ពិសេស លោកបានសំណូមពរ ដល់អ្នកប្រប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) សូមកុំឱ្យមានការជេរប្រមាថ ហែកកេរ្តិ៍ខ្មាស់គ្នា ដែលនាំឱ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។ សូមរក្សាតម្លៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។
ទី៦- ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទារលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។
ទី៧- កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។
ទី៨- ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាបន័ជំនាញ សាកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើមដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និងការផលិតឱ្យមានភាពកាន់តែល្អប្រសើរ៕

អត្ថបទទាក់ទង