ក្រសួងមហាផ្ទៃបានទទួលលិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោក គង់ បូរ៉ា មួយទៀតហើយ
បន្ទាប់ពីទទួលបានលិខិតរបស់លោក គង់ គាំ ហើយ នៅវេលាម៉ោង ៣៖២០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ ក៏បានទទួលលិខិតមួយទៀតពី លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
មុននឹងដាក់លិខិតនេះ លោក គង់ បូរ៉ា បានប្រកាសរួចហើយថា លោកនឹងស្នើសុំសិទ្ធិធ្វើនយោបាយ ទោះបីជាមានការអំពាវនាវហាមឃាត់ដោយ លោក សម រង្ស៉ី ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិក៏ដោយ។
លោក គង់ បូរ៉ា បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ទោះបីជាទំព័រ Facebook លោក សម រង្ស៊ី តាំងនាមជាប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិ ក្រៅច្បាប់នាំ អន្តរជាតិបំផ្លាញកម្ពុជា បានអំពាវនាវទៅមន្ត្រីអតីតបក្សប្រឆាំងទាំង១១៨រូបនោះក៏ ដោយ។ ខ្ញុំ គង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ»។
ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឱ្យអ្នក នយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន ៨៧រូប ដែលត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឱ្យយោបល់ឯកភាពទាំងស្រុងដោយ ព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីស្នើច្បាប់នេះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឱ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
ក្រោយច្បាប់នេះចូលជាធរមាន លោក គង់ គាំ អតីត ប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី នោះ បានដាក់លិខិតស្នើសុំរបស់លោក ចូលដល់ក្រសួងមហាផ្ទៃ តាំងពីវេលាម៉ោងប្រមាណជាង ១០៖៣០ព្រឹកថ្ងៃទី០៩ ខែមករានេះម្ល៉េះ។
លោក គង់ គាំ និង លោក គង់ បូរ៉ា រួមទាំងអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន ១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការជឿជាក់ថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕