ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលនីតិកាលទី៦ នឹងធានាពុះពារប្រឹងប្រែងអនុវត្តសម្រេចឱ្យបាននូវកម្មវិធីគោលនយោបាយធំៗ៤យ៉ាង ជូនដល់ប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 74
រាជរដ្ឋាភិបាលនីតិកាលទី៦ នឹងធានាពុះពារប្រឹងប្រែងអនុវត្តសម្រេចឱ្យបាននូវកម្មវិធីគោលនយោបាយធំៗ៤យ៉ាង ជូនដល់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៦ នឹងធានាពុះពារប្រឹងប្រែងអនុវត្តសម្រេចឱ្យបាននូវកម្មវិធីគោលនយោបាយធំៗ៤យ៉ាង ជូនដល់ប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ និងការជឿទុកចិត្តរបស់ប្រជាជន ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៦ លោកនឹងពុះពារប្រឹងប្រែងអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានសន្យាចំពោះមុខជនរួមជាតិនៅមុនការបោះឆ្នោត ដោយសម្រេចឱ្យបាននូវការការធានាធំៗ៤យ៉ាងជូនដល់ប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះ នៅក្នុងពិធីអបអរសាទរដល់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ ដែលមានប្រជាជនចូលរួមប្រមាណជាង ៦ម៉ឺននាក់។

ការធានាធំៗទាំង៤យ៉ាងជូនដល់ប្រជាជនកម្ពុជា រួមមាន៖
ទី១- ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។

ទី២- ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ការបន្តផ្តោតអាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបង្កើនភាពទាក់ទាញនិងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ទី៣- ការធានាជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រឹងផលិតកម្ម និងការរកទីផ្សារលក់កសិផល ការបន្តដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ព្រមទាំងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ និយោជិត ការបន្តបង្កើនប្រាក់បៀវត្ស និងប្រាក់សោធននិវត្តជូនមន្រ្តីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធជន ការពង្រីកបណ្តាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត ។ល។ និង

ទី៤- ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាពសម្រាប់ប្រជាជនគ្រប់រូប ពិសេសសម្រាប់អ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ៕

អត្ថបទទាក់ទង