ខ្មែរប៉ុស្ដិ៍ Close

    ថ្ងៃនេះ៥ឆ្នាំមុន កម្ពុជាហៀបនឹងរងគ្រោះដោយគម្រោងកុបកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 2113
    ថ្ងៃនេះ៥ឆ្នាំមុន កម្ពុជាហៀបនឹងរងគ្រោះដោយគម្រោងកុបកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ីថ្ងៃនេះ៥ឆ្នាំមុន កម្ពុជាហៀបនឹងរងគ្រោះដោយគម្រោងកុបកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី

    នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ (២០១៤-២០១៩) គឺជាខួបគម្រប់៥ឆ្នាំ ដែលរាជរដ្ឋាភិបាលស្របច្បាប់ បានចាត់ទុកថា កម្ពុជាហៀបនឹងរងគ្រោះដោយកុបកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសទាមទារដំឡើងប្រាក់ឈ្នួល ដឹកនាំដោយទណ្ឌិត សម រង្ស៉ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចាញ់ឆ្នោត ហើយមិនទទួលយកលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៥។

    កុប្បកម្មហិង្សា ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមនេះ បានប្រើប្រាស់រូបភាពតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល នៅតាមបណ្ដោយផ្លូវវេងស្រង ក្រោមការញុះញង់ដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក បណ្តាលឱ្យមានការប៉ះទង្គិចគ្នា រហូតមានមនុស្សស្លាប់៤នាក់ និងរបួសមួយចំនួន ព្រមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនអស់ជាច្រើន។ ការធ្វើកុប្បកម្មដ៏ហិង្សានេះ បានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករនិយោជិតឡើយ។ ក្នុងកុប្បកម្មហិង្សា ក្រុមអ្នកតវ៉ាបានប្រើដំបង គប់ដុំថ្ម និងដបសាំង ទៅលើសមត្ថកិច្ច ដែលរារាំងពួកគេមិនឱ្យទៅមុខទៀត។ ដោយមើលពីសភាពមិនធម្មតានេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានធ្វើការបង្រ្កាប រហូតរំលាយកុប្មកម្មដែលមានឧបាយកលទុច្ចរិតនេះ បានជាស្ថាពរ។

    ដំបូងឡើយការតវ៉ាដោយមានមនុស្សយ៉ាងច្រើនបែបនេះ គ្រាន់តែស្ថិតនៅក្នុងការសង្ស័យរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានវីដេអូសារភាពរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបែកធ្លាយកាលពីដើមឆ្នាំ២០១៧ ទើបធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ចជឿជាក់ថា បាតុកម្មកន្លងមកដែលញុះញង់ និងដឹកនាំដោយអតីតគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺស្ថិតនៅក្នុងគម្រោងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបង្ហាញដោយ លោក កឹម សុខា តាមរយៈវីដេអូបែកធ្លាយនោះ។

    នៅក្នុងវីដេអូបែកធ្លាយ លោក កឹម សុខា បាននិយាយសារភាព ក្នុងវេទិកាមួយ នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ថា គណបក្សប្រឆាំង បានធ្វើតាមបញ្ជារបស់ប្រទេសមហាអំណាចមួយ ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ។ ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរនេះ ត្រូវបានផ្តួលរំលំដោយការតវ៉ាដែលមានបរទេសនៅពីក្រោយ។

    លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា៖ ក្នុងព្រឹត្តិការណ៍ដ៏ហិង្សា នៅលើផ្លូវវេងស្រេងនេះ បើសិនជាគ្មានការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ដោយសន្តិភាពត្រូវបានបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតមានហើយគ្រោះមហន្តរាយ ដូចពីអតីតកាលនឹងត្រឡប់មកវិញជាមិនខាន ដែលមិនអាចស្មានដល់។ លោកបានបញ្ជាក់ថា «មេក្រមុី ដែលចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយនោះ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនោះទេ។ ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជម្រះដល់ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស»។

    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមានការនាំខ្លួនទណ្ឌិត សម រង្ស៉ី មកកាត់ទោសឲ្យ ធ្ងន់ធ្ងរបំផុត ព្រោះ សម រង្ស៊ី និងបក្ខពួក បានធ្វើកុបកម្មដ៏ហិង្សាចង់ផ្តួលររំលំរដ្ឋាភិបាលស្របច្បាប់ នៅលើផ្លូវវេងស្រេង កាលពី៥ឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន នៅតែទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិត ខណៈទ្រព្យសម្បត្តិសាធារណជាច្រើន ត្រូវបានខូចខាតដោយគ្មានសំណង។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវរឿងនេះ គួរតែជាអ្នកដែលបានប្រើល្បិចញុះញង់ដឹកនាំក្រុមបាតុករ ដើម្បីបម្រើមហិច្ចតាទុច្ចរិតរបស់ពួកគេទៅវិញទេ៕

    អត្ថបទទាក់ទង