លោក គង់ គាំ៖ សម រង្ស៉ី និង កឹម សុខា ឈានដល់ផ្លូវបំបែក
លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតជាន់ខ្ពស់របស់ លោក សម រង្ស៉ី បានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ថា លោក សម រង្ស៉ី និង កឹម សុខា ពេលនេះឈានដល់ផ្លូវបំបែកហើយ។ លោក គង់ គាំ បានរំលឹកថា ការសម្រេចដែលធ្វើឡើងដោយក្រុមរបស់ លោក សម រង្ស៉ី នាថ្មីៗនេះមិនអាចយកជាការបានទេ ដោយសារតែរាល់ការសម្រេចរបស់អតីត CNRP ត្រូវធ្វើឡើងដោយកុងសង់ស៊ីសរវាងលោក សម រង្ស៉ី និងលោកកឹម សុខា ហើយពេលនេះបែរជាពួកគេមិនមានកុងសង់ស៊ីសដែលមានន័យថាការសម្រេចកន្លងមកគឺធ្វើឱ្យបែកបាក់គ្នា។ លោកអះអាងថា អ្វីដែលសម្រេចដោយក្រុមសម រង្ស៉ី គឺជារណសិរ្យមួយប៉ុណ្ណោះ មិនមែនតំណាងអតីតគណបក្សសង្រ្គោះជាតិទាំងមូលទេ។
នៅពេលដែលសួរបញ្ជាក់ថា តើស្ថិតក្នុងកាលៈទេសៈនេះ លោកមើលឃើញថា លោក សម រង្ស៉ី និង លោក កឹម សុខា ពិតជាបានឈានដល់ផ្លូវបំបែកហើយឬយ៉ាងណា? លោក គង់ គាំ បានឆ្លើយយ៉ាងដូច្នេះថា «បាទ ! គឺថាតាំងពីភពប្រសព្វជាមួយគ្នាមក មេដឹកនាំទាំងពីរហ្នឹង គឺថាតម្រឹមទៅវិញទៅមក មិនឱ្យអ្នកណានៅក្រោមអ្នកណាទេ។ ដូច្នេះមិនដែលរលូនជាមួយគ្នាជាហូរហែរមកហើយ ប៉ុន្ដែក្នុងកាលៈទេសៈដែលថាដណ្ដើមតួនាទីដឹកនាំច្បាស់ណាស់ថាមួយនៅក្នុងការឃុំឃាំងគ្មានសិទ្ធិសេរីភាពហើយមួយទៀតមានសិទ្ធិសេរីភាពចង់បានដឹកនាំនោះ គឺមានចំណុចជាច្រើន ដែលហាក់ដូចជា ឧបមាថា៖ លោក សម រង្ស៊ី លេងជាការភ្នាល់ដោយសារដឹងថា លោក កឹម សុខា គាត់មានឥរិយាបថ សម្រុះសម្រួល ទន់ភ្លន់ ឈានទៅឱ្យមានស្ថានការណ៍ល្អនៅក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី ភ័យខ្លាច កឹម សុខា ដូចដែល១១៨នាក់ចឹងដែរ ដែលថា កឹម សុខា ហ្នឹងងាកចេញពីគាត់ចោលគាត់អីចឹងទៅ។ ដូច្នេះបញ្ហានេះ គឺមានគំនិតផ្សេងគ្នាហើយ»។
ការប្រឈមមុខដាក់គ្នារវាងក្រុមរបស់ លោក សម រង្ស៉ី និងក្រុមរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៉ី រៀបចំសន្និសីទមួយនៅទីក្រុងអាត្លង់តា រដ្ឋចរចាសហរដ្ឋអាមេរិក ដោយសម្រេចតែងតាំងខ្លួនលោកជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ។ លោកស្រី មូ សុខហួរ និង លោក អេង ឆៃអ៊ាង ដែលជាអតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិនេះ បានគាំទ្រព្រមទាំងចេញមុខការពារ លោក សម រង្ស៉ី ក្នុងការកាន់តំណែងស្តីទីនេះ។ ប៉ុន្តែ លោក កឹម សុខា ដែលជាអតីតប្រធាន មិនគាំទ្រនោះទេ។ ក្រុមរបស់ លោក កឹម សុខា បានចាត់ទុកថា សកម្មភាពនេះ គឺជាការដណ្តឹមយកឈ្មោះគណបក្សទៅគ្រប់គ្រង។ ដើម្បីទប់ស្កាល់ចំពោះការមើលឃើញថា បែកបាក់គ្នានេះ និងខ្លាចមិនទទួលបានការគាំទ្រពីអ្នកគាំទ្រលោក កឹម សុខា លោក សម រង្ស៉ី ក៏បានជំរុញឱ្យសមាជិករបស់ខ្លួនឃោសនាថា សម រង្ស៉ី និង កឹម សុខា គឺជាមនុស្សតែមួយ ប៉ុន្តែការឃោសនានេះ ត្រូវបានទាត់ចោលដោយកូនស្រីរបស់ លោក កឹម សុខា និងអ្នកគាំទ្ររបស់ លោក កឹម សុខា។
លោក គង់ គាំ ចាត់ទុកថា ការឃោសនារបស់ លោក សម រង្ស៉ី គឺដើម្បីលុបបំបាត់នូវអ្វីដែលបានបែកបាក់តែប៉ុណ្ណោះ។ លោកថ្លែងថា៖ «បាទគឺថាដែលកាន់តែស្រែកថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយនោះ គឺដើម្បីលុបភាពប្រះស្រាំកាន់តែឃ្លាតឆ្ងាយពីគ្នានោះឯងបាទ»៕
ប្រភព៖ Fresh News