ខ្មែរប៉ុស្ដិ៍ Close

លោក គង់​ គាំ អះអាងថា នឹងមានអតីតថ្នាក់ដឹកនាំ CNRP​ យ៉ាងតិចបំផុត ១០រូប នឹងធ្វើសំណើសុំទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 37
លោក គង់​ គាំ អះអាងថា នឹងមានអតីតថ្នាក់ដឹកនាំ CNRP​ យ៉ាងតិចបំផុត ១០រូប នឹងធ្វើសំណើសុំទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ លោក គង់​ គាំ អះអាងថា នឹងមានអតីតថ្នាក់ដឹកនាំ CNRP​ យ៉ាងតិចបំផុត ១០រូប នឹងធ្វើសំណើសុំទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ

លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតជាន់ខ្ពស់របស់ លោក សម រង្ស៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ ឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះថា យ៉ាងតិចបំផុត ក៏មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន១០រូបផងដែរ នឹងធ្វើសំណើសុំទទួលយកសិទ្ធិធ្វើនយោបាយ បន្ទាប់ពីច្បាប់ចូលជាធរមាន នៅពេលខាងមុខនេះ។

លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនបានជួបជាមួយអ្នកទាំង១០នាក់ដែលថាអាចនឹង ទទួលយកនីតិសម្បទាទេ ប៉ុន្តែឥរិយាបទតាំងតែពីគណបក្សសង្រ្គោះជាតិ មុនត្រូវរំលាយម្ល៉េះ គឺមានមួយក្រុមស្វះស្វែងចង់រក្សាគណបក្សសង្រ្គោះជាតិ ដោយសុខចិត្តអត់មានសម រង្ស៉ី ដោយអត់មានកឹម សុខា ដើម្បីបន្តជីវិតគណបក្សហ្នឹងប្រកួតប្រជែងតទៅទៀត»។

លោកបានបន្តទៀតថា៖ «អ្នកទាំងអស់ហ្នឹងហើយដែលត្រូវ លោកប្រធាន សម រង្ស៉ី ហៅថាក្បត់បក្ស ចង់លក់ខ្លួនចង់ទទួលលាបសក្ការៈគ្រប់គ្រងអំណាចអីជាដើម ដូច្នេះខ្ញុំគិតថា មានក្នុងចំណោមអ្នកទាំង១១៨នាក់ យ៉ាងតិច ១០នាក់ ដែលលោក សម រង្ស៉ី ក៏សន្និដ្ឋានខ្លួនឯងដែរថា នឹងទទួលយកនីតិសម្បាធ្វើនយោបាយ, ដែលអ្នកទាំងនោះមានទាំងនៅក្នុង និងខាងក្រៅ»។

ការអះអាងរបស់ លោក គង់ គាំ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ដែលកំពុងបំផុសបំផុលវាយប្រហារទៅដល់ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំងឡាយ ដែលទទួលយកសិទ្ធិធ្វើនយោបាយ។ លោកអះអាងថា ក្នុងចំណោមអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ៩៩ភាគរយ បានប្រកាសជំហរចំពោះរូបលោកថា នឹងមិនទួលសិទ្ធិធ្វើនយោបាយនេះឡើយ។

យ៉ាងណាក៏ដោយ នាថ្មីៗនេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បានជំទាស់ទៅនឹងការហាមឃាត់របស់ លោក សម រង្ស៉ី ដែលបានបង្គាប់មកលើ អតីតគណបក្សសង្រ្គោះជាតិ កុំឱ្យទទួលយកសិទ្ធិធ្វើនយោបាយ។ លោកអះអាងថា ការសម្រេចទទួលយក ឬមិនទទួលយក គួរតែឱ្យបុគ្គលនីមួយៗជាអ្នកសម្រេចអំពីរឿងនេះ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើឡើងដើម្បីផ្តល់ឱកាសដល់នាយករដ្ឋមន្រ្តី​ ស្នើថ្វាយព្រះមហាក្សត្រ ផ្តល់នីតិសម្បទា ដល់ជនទាំងឡាយដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយនោះ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ។ ក្រុមអ្នកនយោបាយដែលបានត្រៀមខ្លួនស្នើសុំសិទ្ធិធ្វើនយោបាយនេះ ក៏កំពុងរង់ចាំសេចក្តីស្នើវិសោធនកម្មច្បាប់នេះចូលជាធរមានផងដែរ៕

ប្រភព៖​ Fresh News

អត្ថបទទាក់ទង