ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកជាប់ពាក់ព័ន្ធនឹងបាតុកម្មផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ គឺត្រូវតែមានទោស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1139
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកជាប់ពាក់ព័ន្ធនឹងបាតុកម្មផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ គឺត្រូវតែមានទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកជាប់ពាក់ព័ន្ធនឹងបាតុកម្មផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ គឺត្រូវតែមានទោស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកសារជាថ្មីចំពោះសំណើដែលលោកបានជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ក្នុងការពន្លឿននិងដោះស្រាយរឿងបណ្តឹងរបស់ក្រុមសហជីព ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា ការពន្លឿនដោះស្រាយពាក្យបណ្តឹងនោះគឺមិនមែនមានន័យថាឱ្យបញ្ចប់រឿងក្តីទាំងនោះទេអ្នកមានទោសគឺនៅតែមានទោស ព្រោះសំណុំរឿងនៅលើដៃតុលាការនៅឡើយ ជាពិសេសអ្នកដែលមានខ្លួនចូលរួមក្នុងបាតុកម្មនៅលើកផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ គឺនៅតែមានទោសដដែលដោយសារបញ្ហានេះជាប់ទាក់ទិននឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិតពីរម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា តាមការស្រាវជ្រាវបានឱ្យដឹងថា មានមនុស្ស៣នាក់ដែលមិនមានការជាប់ពាក់ព័ន្ធនៅក្នុងរឿងនោះឡើយគឺមាន ១) លោក អាត់ ធន់ ២) លោក ប៉ៅ ស៊ីណា និង ៣) លោក ជា មុនី។ ដូច្នេះអ្នកទាំង៣នាក់នេះអាចទៅស្រាវជ្រាវរកភស្តុតាងដើម្បីបង្ហាញទៅតុលាការ ហើយត្រូវប្តឹងបន្តទៅកាន់សាលាឧទ្ធរណ៍។

គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែធ្ន ឆ្នាំ២០១៨ មេសហជីពធំៗ ចំនួន០៦រូប មានលោក អាត់ ធន់, លោកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមតម្រូវឱ្យក្រុមជនជាប់ចោទ រួមគ្នា សងសំណងទៅជនរងគ្រោះ ជាមន្ត្រីនគរបាល ចំនួន២នាក់ ចំនួន៣៥លានរៀល។ យោងតាមសាលក្រម តុលាការបានកែប្រែបទចោទប្រកាន់លើជនជាប់ចោទទាំង០៦នាក់ ដោយចោទប្រកាន់ពួកគេពីបទ៖
* ផ្តើមគំនិត ក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
* ផ្តើមគំនិត ក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
* ផ្តើមគំនិតក្នុងអំពើ គំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ
* ផ្តើមគំនិត ក្នុងអំពើប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ
ដែលបានប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៤ យោងតាមមាត្រា២៨ មាត្រា២១៨ មាត្រា៤១១ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទទាក់ទង