អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជូនដំណឹងដល់ប្រជាពលរដ្ឋឆាប់រួសរាន់ ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តី ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់ នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ខ្មែរទាំង២ ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរគំរូថ្មី រួសរាន់ទៅបំពេញ បែបបទស្នើសុំផ្តល់អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖
– ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ
– អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
– ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ
– ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ៕