លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បញ្ហាឱសថក្លែងក្លាយនិងអន់គុណភាពបង្កគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ឱសថត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ប្រព័ន្ធការពារសុខភាពប្រជាជនដែលមិនអាចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប៉ុន្តែមានឱសថក្លែងក្លាយនិងអន់គុណភាព បានបង្កគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាពសង្គម និង ធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលសន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា, ឡាវ, មីយ៉ាន់, ថៃ និងវៀតណាម រួមទាំងប្រទេសចិន និងអង្គការអន្តរជាតិចំនួន២០ផ្សេងទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយនិងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ ក្នុងនោះផលិតផលឱសថមួយចំនួន កំពុងធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលជាឱសថក្លែងក្លាយគ្មានប្រភពច្បាស់លាស់ ហើយស្រដៀងទៅនឹងឱសថពិតដែលធ្វើឱ្យអាជ្ញាធរពិបាកគ្រប់គ្រង៕