លោក នេត្រ ភក្ត្រា៖ ក្នុងអាណត្តិទី៦នេះ ក្រសួងបរិស្ថានផ្តោតលើរដ្ឋបាលទំនើប កម្ម និងពង្រឹងប្រសិទ្ឋភាពលើកិច្ចគាំពារបរិស្ថាន
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ ក្រសួង បរិស្ថានបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ហើយនៅក្នុងរាជរដ្ឋា ភិបាលអាណត្តិទី៦ នេះ ក្រសួងបរិស្ថានផ្តោតលើរដ្ឋបាលទំនើប ដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា និងពង្រឹងប្រសិទ្ធភាពកាន់តែខ្លាំងលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
លោកបានថ្លែងដូចនេះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១ ៨ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធី Business and HR Networking ក្នុងក្របខណ្ឌពិព័រណការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ រៀបចំឡើងរយៈពេល ២ថ្ងៃ ២៧ដល់២៨ខែតុលាឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងដែគូរភាគីពាក់ព័ន្ធទំាងអស់ ចែករំលែកចំណេះដឹងបទពិសោធន៍ ដែលធ្វើអោយដំណើរការនៃពិព័រណនេះមានការចូលរួមទស្សនា និង អ្នកស្វែងរកការងារយ៉ាងច្រើនកុះករជាទីមោទនៈក្នុងរយៈពេល ២ ថ្ងៃនេះ។
លោក បានបន្តថា កម្មវិធីពិព័រណ៍ការងារនេះ មិនត្រឹមតែផ្តល់ឱកាសការងារប៉ុណ្ណោះទេ តែថែមទាំងផ្តល់ការបណ្តុះបណ្តាលដើម្បីធ្វើការស្វែងយល់ និងទទួលព័ត៌ មានថ្មីៗបំផុតពីតម្រូវការជំនាញទីផ្សារការងារ ការធ្វើទំនើបកម្មខ្លួនឯង អភិវឌ្ឍន៍សមត្ថភាពជំនាញ ការរៀបចំផែនការអាជីព បណ្តុះផ្នត់គំនិត កែប្រែឥរិយាបទ និង បង្កើនការយល់ដឹងការលើកកម្ពស់ផលិតភាពជាតិ និងភាពប្រកួតប្រជែងអាជីវកម្មដោយប្រើបញ្ញាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មឌីជីថល តាមរយៈការដកពិសោធន៍ជាមួយនិយោជក វិស័យឯកជន ជំនាញការជាតិ អន្តរជាតិ និងស្ថាប័នរដ្ឋនៅតាមស្តង់នីមួយៗ និងតាមរយៈគ្រឹស្ថានសិក្សា សាលាមគ្គុទេសក៍ និងផលិតភាពជាតិ៕