ក្រុមហ៊ុនមីនីបៀជប៉ុន នឹងបន្តសហប្រតិបត្តិការជាមួយខេត្តសៀមរាប ក្នុងរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុង
ក្រុមហ៊ុនមីនីបៀជប៉ុន នឹងបន្តសហប្រតិបត្តិការជាមួយខេត្តសៀមរាប ក្នុងរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុង
សៀមរាប៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយ Mr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុននៅសាលាខេត្តសៀមរាប ដើម្បីជួបពិភាក្សាលើធ្វើបទបង្ហាញស្តីពីដំណើរការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុងសៀមរាបបន្ថែមទៀត ។
ក្នុងកិច្ចសហប្រតិបត្តិការនេះផងដែរ ក្រុមហ៊ុនមីនីបៀ ខូអិលធីឌី បានបន្តសហការជាមួយខេត្តសៀមរាបក្នុងការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍បន្ថែមទៀតដោយអនុលោមតាមកិច្ចព្រមពៀងរវាងក្រសួងបរិស្ថាន ដែលតំណាងដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងដោយលោក Yuji KUMAMARU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព កាលពីថ្ងៃទី១១ ខែមេសា ឆ្នំ២០១៤ នៅរាជធានីភ្នំពេញ។
ការផលិតផលអំពូលភ្លើងបំភ្លឺសាធារណៈប្រភេទ LED របស់រកុមហ៊ុនមីនីដបៀ នេះ គឺពិតជាបានរួមចំណែកក្នុងការកាត់ឧស្ម័នកាបូនិច ក្នុងបរិយាកាសយ៉ាងពិតប្រាកដ ដូចនេះ រដ្ឋបាលខេត្តក៏បានសម្រេចឱ្យក្រុមហ៊ុនមីនីបៀ អនុវត្តគម្រោងរបស់ខ្លួននៅខេត្តសៀមរាប ដោយក្នុងនោះក្រុមហ៊ុនមីនីបៀបានផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ ដើម្បីបំពាក់តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។ ជាមួយនឹងការផ្តល់អំពូលនេះភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួនបីលើកផងដែរ ៖
១-អនុស្សរណៈ អនុសារណៈយោគយល់គ្នា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥
២-កិច្ចព្រមព្រៀងបន្ថែម កិច្ចព្រមព្រៀងសម្ព័ន្ធអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០១៥
៣-កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ និងថែទាំ ចុះថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦
តាមរយៈការផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ ខេត្តបានដំឡើង និងបំពាក់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ជាពីរដំណាក់កាលដូចជា ៖
ដំណាក់កាលទី១ – បានដំឡើង និងបំពាក់អំពូលចំនួន១១០០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ចុងខែមីនា ឆ្នាំ២០១៧ និងបានដាក់ឲ្យដំណើរការ។
ដំណាក់កាលទី២ – បានដំឡើង និងបំពាក់អំពូលចំនួន៨៥០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ខែធ្នូ ឆ្នាំ២០១៧ តែដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨នេះ។
បន្ទាប់ពីបានដំឡើងនូវអំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាស្ថាបពរហើយក៏ដោយ ក៏នៅតែមានការខ្វះមួយចំនួនទៀត ដូចនេះខេត្តបានស្នើសុំដល់ក្រុមហ៊ុនបន្ថែមចំនួន ៥០០គ្រាប់ថែមទៀត។
ជាមួយគ្នានេះដែរ លោក ឃឹម ប៊ុនសុង ក៏បាន ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Mr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុនដែលបានបន្តកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាបជាមួយនឹងក្រុមហ៊ុន ហើយលោកក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការក៏ដូចជាការវិនិយោគទុនបន្ថែមទៀតលើគ្រប់វិស័យផងដែរ ៕