បើចង់ឲ្យកម្ពុជាឈ្នះ កុំភ្លេចបោះឆ្នោតទាំងអស់គ្នា «ឈុតតំណាងជាតិល្អផ្តាច់គេ»
កម្មវិធីប្រកួតប្រជែងសម្រស់ស្រីស្អាតសម្រាប់មកុដ Miss Grand International ដែលមានកញ្ញា ឌី លីកា ដែលជា Miss Grand Cambodia ចូលរួមដែរនោះ បានឈានចូលដល់វគ្គប្រកួតជ្រើសរើសឈុត តំណាងជាតិល្អផ្តាច់គេ ហើយកាលរាត្រីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៨ នេះ ដែលមានបេក្ខនារីជាស្រីស្អាតតំណាងប្រទេស ៧៦ មកពីជុំវិញពីភពលោកគ្រងឈុត
ប្រចាំជាតិរបស់ខ្លួន បង្ហាញដល់គណៈកម្មការនិងមហាជន ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ Miss Grand International បានប្រកាសលទ្ធផលសម្រាប់កំពូលឈុតតំណាងជាតិទាំង ៩ កាលពីរាត្រីថ្ងៃទី ១៤ ខែតុលា ដោយបែងចែកជាចំណាត់ថ្នាក់ ៣ ទ្វីប គឺ ១- អាស៊ី អូស្ត្រាលីនិងអូសេអានី, ២- អឺរ៉ុបនិងអាហ្វ្រិក និង ៣- ទ្វីបអាមេរិក តាមរយៈការបោះឆ្នោតពីមហាជនដោយការចុច “Like” និង “Shares” លើបណ្តាញសង្គម សម្រាប់បេក្ខនារីស្រស់ស្អាតទាំងអស់ ។
យ៉ាងណាមិញ យោងតាមហ្វេសប៊ុកផ្លូវការរបស់ Miss Grand International ដដែលបានឲ្យដឹងថាឈុតតំណាងជាតិកម្ពុជាគឺបានជាប់ចំណាត់ក្នុងចំណោម «ឈុតតំណាងជាតិល្អផ្តាច់គេ» ទាំង ៩ ដែលក្នុងនោះគឺមានកញ្ញា Miss Grand មកពី ប្រទេសវៀតណាម, កម្ពុជា, ឥណ្ឌូនេស៊ី, អេស្តូនី, អេស្ប៉ាញ, ហ្គាណា, មុិកស៊ិក, ប៉េរូ, និង ប្រទេសកូឡុំប៊ី ។
ការបោះឆ្នោតនឹងបន្តរហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ដើម្បីសម្រេចថាតើឈុតតំណាងជាតិរបស់ប្រទេសណាដែលត្រូវបានឈ្នះជា «ឈុតតំណាងជាតិល្អផ្តាច់គេ» ។ ដើម្បីបោះឆ្នោត លោកអ្នកត្រូវចូលទៅគណនីហ្វេសប៊ុកផ្លូវការរបស់ Miss Grand International រួចហើយស្វែងរករូបភាពកញ្ញា ឌី លីកា ក្នុងឈុតប្រចាំជាតិ និង ចុច Like រូបមេដៃតែមួយគត់ រួមនឹងការចុច Share។
សូមបញ្ជាក់ថាប្រិយមិត្ត សូមចុច តែ សញ្ញា like «មេដៃ» និង share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច។ ព្រោះ 1 like = 1 point (1ពិន្ទុ) ចំណែក 1 share = 5 points(5ពិន្ទុ)
សូមរម្លឹកថាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា គឺស្រីស្អាត ឌី លីកា បានគ្រងឈុតប្រចាំជាតិកម្ពុជា ឈ្មោះថា «ទេពីស្រីសួគ៌បវរឦសានបុរៈ» បង្ហាញដល់គណៈកម្មការនិងសាធារណជនដែលរំលេចចេញនូវរូបសម្រស់ស្រស់ស្អាតនៃនារីខ្មែរ ដែលពោរពេញដោយភាពទន់ភ្លន់ និង សុភាពរាបសា និងស្នាមញញឹមស្រស់។ កញ្ញា ឌី លីកា គឺជា Miss Grand Cambodia ដែលមានវ័យត្រឹម ២០ឆ្នាំ និងជាសិស្សទើបរៀបចប់វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ផងដែរ ៕