ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ដាក់ចុះកម្មវិធីបណ្តុះបណ្តាលផ្ទាល់តាមមណ្ឌលអាជីវកម្មនៅខេត្តព្រះសីហនុដើម្បីពង្រឹងគុណភាពសេវាកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
ក្រសួងទេសចរណ៍ដាក់ចុះកម្មវិធីបណ្តុះបណ្តាលផ្ទាល់តាមមណ្ឌលអាជីវកម្មនៅខេត្តព្រះសីហនុដើម្បីពង្រឹងគុណភាពសេវាកម្ម ក្រសួងទេសចរណ៍ដាក់ចុះកម្មវិធីបណ្តុះបណ្តាលផ្ទាល់តាមមណ្ឌលអាជីវកម្មនៅខេត្តព្រះសីហនុដើម្បីពង្រឹងគុណភាពសេវាកម្ម

ព្រះសីហនុ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បាន សិក្ខាសាលាផ្សព្វ ផ្សាយស្តីពី «ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន» អមដោយសិក្ខាសាលាតម្រង់ទិស «គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច (HoKa) ប្រចាំខេត្តព្រះសីហនុ» នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្នមន្រ្តីក្រសួងទេសចរណ៍ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី តំណាងអាជីវកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្ស-និស្សិត និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ប្រមាណ ១០០រូប។

សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយវិជ្ជាជីវៈទេសចរណ៍អាស៊ាន ដល់អ្នកជំនាញ ជាពិសេសបុគ្គលិកបម្រើការងារក្នុងសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ឲ្យទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់សមត្ថភាព ដោយបើកឱកាសអភិវឌ្ឍជំនាញតាមកម្រិតគុណវុឌ្ឍិជាតិ និងអាស៊ាន។ ក្នុងនោះផងដែរក្រោមកិច្ចសហការជាមួយអង្គការ ស្វីស ខន់ថាក់ ក្រសួទេសចរណ៍បានប្រកាស គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចប្រចាំខេត្តព្រះសីហនុ (HoKA) ដែលជាទម្រង់នៃការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដែលត្រូវមានការចូលរួមដោយអាជីវកម្ម និងមានការបណ្តុះបណ្តាលដល់ម្ចាស់ ឬអ្នកគ្រប់គ្រង ដើម្បីចូលរួមបណ្តុះបណ្តាលបន្ត។

កម្មវិធីនេះនឹងចូលរួមបង្កើតធនធានមនុស្សដែលមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យក្នុងការអភិវឌ្ឍជំនាញយុវជន មានជាអាទិ៍៖

១. ត្រឹមឆ្នាំ២០២០ ៥០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល
២. ត្រឹមឆ្នាំ២០២៥ ១០០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវទទួលទទួលបានការបណ្តុះបណ្តាលជំនាញ ដែលមានការទទួលស្គាល់វិញ្ញាបនបត្រ ឬសញ្ញាបត្រតាមស្តង់ដាអាស៊ាន ដើម្បីសម្រេចបាននូវយុទ្ធនាការ «បុគ្គលិកមួយ ជំនាញមួយ»
៣. ត្រឹមឆ្នាំ២០៣០ សម្រេចឱ្យបាននូវគោលដៅការសិក្សាពេញមួយជីវិត កំណើនសេដ្ឋកិច្ច និងការងារសមរម្យ។

សូមបញ្ជាក់ផងដែរថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិស័យទេសចរណ៍មានកំណើនយ៉ាងគំហ៊ុក ក្នុងអត្រាប្រមាណ ១៣.៨% នៅឆ្នាំ២០១៧ ក្នុងនោះបានបង្កើតការងារប្រមាណ ៦២ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកជំនាញថ្មីប្រមាណ ២៨ម៉ឺននាក់បន្ថែមទៀតដើម្បីបម្រើសេវាកម្មប្រកបដោយភាពកក់ក្តៅ និងគុណភាពជូនទេសចរជាតិ-អន្តរជាតិ ព្រមទាំងចូលរួមពង្រឹងសមត្ថភាពអ្នកជំនាញបច្ចុប្បន្នឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអាស៊ាន៕

អត្ថបទទាក់ទង