គងវង់ ឧបករណ៍ភ្លេងពិណពាទ្យខ្មែរ ដែលមានដើមកំណើតតាំងពីសម័យមុនអង្គរមកម៉្លេះ
ឧបករណ៍ភ្លេងគងវង់ មានពីរប្រភេទ គឺគងវង់តូច និងគងវង់ធំ។ គងវង់ទាំងពីរនេះប្រើប្រាស់នៅក្នុងវង់ភ្លេងពិណពាទ្យបច្ចុប្បន្ន។ មានសណ្ឋានរាងរៅដូចគ្នា មានរបៀបធ្វើក៏ដូចគ្នា មានផ្លែសំនៀង១៦ផ្លែដូចគ្នា អន្លូងសម្រាប់គោះផ្លែសំនៀងក៏ដូចគ្នាដែរ ប៉ុន្តែសម្គាល់ថា ធំ ឬតូច សំដៅទៅលើរង្វង់គងធំ ឬតូច និងសំដៅទៅលើផ្លែសំនៀងធំ ឬតូចប៉ុណ្ណោះ ពិសេសទៅទៀត គឺគងវង់តូចមានដំណើរសាច់បទរាយ រាបសាដើរផ្លូវសាច់បទធំៗ រីឯគងវង់ធំមានដំណើរសាច់បទឃ្លេងឃ្លោង របៀបបញ្ជើច ផ្តក់ពីមុខពីក្រោយ ឬប្រើសំនៀងត្រួត ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនលេចធ្លោឡើងត្រង់ចន្លោះគេឯង។
គងវង់តូច និងគងវង់ធំ គឺជាគងវង់ដែលមានអាយុច្រើនសតវត្សណាស់មកហើយ ហើយមានសារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យដែលជាវង់ភ្លេងសម្រាប់ បម្រើឱ្យព្រហ្មញ្ញសាសនាកាលពីសម័យដើម។ តាមបន្ទូលរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ១៩៦៥ ថា «គងវង់ទាំងពីរបែបនេះខ្មែរយើងបំបែកចេញពីគងពាក់កណ្តាលវង់ មានផ្លែសំនៀង៨និង៩ ដំបូងបំបែកចេញបានគងវង់ធំមុនគេ បន្ទាប់មកទើបបំបែកចេញជាគងវង់តូចទៀត ក្នុងចន្លោះសតវត្សទី៩ និងទី១២ រីឯគងពាក់កណ្តាលវង់ខ្មែរមានតាំងពីសម័យមុនអង្គរ»។ ប្រភេទគងវង់នេះ មានវង្វង់ធ្វើអំពីផ្តៅដំបង៤ដើម គឺវង់ខាងក្រោម២ដើម និងវង់ខាងលើ២ដើម។ វង់លើក្រោមភ្ជាប់គ្នាដោយជើងទៀន ធ្វើអំពីឈើជាច្រើនព័ទ្ធជុំវិញ និងមានចន្ទល់ធ្វើអំពីឫស្សីសម្រាប់ទល់ពីវង់ខាងក្នុងទៅវង់ខាងក្រៅទុកចន្លោះល្មមដែលអាចដាក់ផ្លែសំនៀងបាន។ នៅពាក់កណ្តាលជើងទៀនទាំងនេះមានវ័ណ្ឌពីរ មួយនៅខាងក្នុង មួយនៅខាងក្រៅព័ទ្ធជុំវិញដូចរង្វង់គងដែរសម្រាប់ចងចុងខ្សែដែលដោតផ្លែសំនៀង។ នៅចុងរង្វង់គងសងខាងផ្នែកខាងលើមានខោលម្ខាងមួយធ្វើអំពីឈើ និងមានបញ្ចុះក្បាច់ផ្សេងៗសម្រាប់ជាគ្រឿងលម្អមានរាងដូចជាក្បាលនាគកំពុងបើកពពារ ។
អន្លូងមានពីរ មានមេលំធ្វើអំពីស្បែកដំរី ឬស្បែកក្របីក្រាស់ៗ ដងធ្វើអំពីឈើក្រឡឹងយ៉ាងមូលមានប្រវែងប្រហែល២០ស.ម។ ផ្លែសំនៀងទាំង១៦ ធ្វើអំពីលោហធាតុម៉្យាងហៅថា លង្ហិន ដោយគ្មានលាយនឹងលោហធាតុដទៃទៀតឡើយ។ នៅចំពីលើផ្លែសំនៀងនីមួយៗ មានពកខ្ពស់ឡើងចំកណ្តាលហៅថា ដោះគង។ ដោះគង គឺជាចំណុចសម្រាប់គោះ ឬដំឱ្យមានសំនៀងលាន់ឮឡើង។ នៅព័ទ្ធជុំវិញផ្ទៃរាបហៅថា ឆត្រ សម្រាប់ជាបំពង់ធ្វើឱ្យសំនៀងខ្ទ័រឮល្អ ។ នៅលើឆត្រមានចោះរន្ធ៤ គឺម្ខាងមានរន្ធ២ ម្ខាងទៀតមានរន្ធ២ដែរ សម្រាប់ដោតខ្សែចងព្យួរផ្លែសំនៀងទៅនឹងរង្វង់គង។ នៅខាងក្រោមដោះនីមួយៗ មានបិទដុំប្រមរសម្រាប់រឹតរកសំនៀងត្រូវ៕
ដោយ៖ ឈូកខ្មែរ