ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិថ្លែងថា អាមេរិកមិនបានចូលរួមដោះស្រាយបញ្ហាគ្រាប់បែកគីមីរបស់ខ្លួនសោះ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 69

ថ្លែងចេញពីទីតាំងដែលពោរពេញដោយគ្រាប់បែកគីមី របស់សហរដ្ឋអាមេរិក បន្សល់ទុកនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក មិនបានចូលរួមសហការដោះស្រាយបញ្ហា គ្រាប់បែកគីមីរបស់ខ្លួន នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងបំផ្លាញសុខភាពប្រជាជនខ្មែរនៅតំបន់យ៉ាងខ្លាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ លើកឡើងថា ទោះបីយ៉ាងណាប្រមុខការពារជាតិកម្ពុជា បានអះអាងថា យ៉ាងណាក៏ដោយកម្ពុជាខ្លួនឯង នឹងព្យាយាមបោសសំអាតគ្រាប់បែកគីមី ដែលបន្សល់ដោយអាមេរិកនេះឱ្យអស់ចេញពីឃុំគគីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «យើងពិតជាអាក់អន់ចិត្តខ្លាំងណាស់ ដែលគេមកបំផ្លិចបំផ្លាញប្រទេសយើងហើយ មិនសហការចូលរួមដោះស្រាយ ហើយនៅមិនអស់ចិត្តទៅបង្គាប់បញ្ជាឲ្យអ្នកផ្សេងចង់មកបំផ្លាញប្រទេសយើងទៀត»។

ការថ្លែងបែបនេះរបស់ប្រមុខការពារជាតិកម្ពុជា ធ្វើឡើងខណៈដែលឯកឧត្តម​ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អមដំណើរដោយមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាច្រើនរូប បានធ្វើដំណើរចុះមកដល់តំបន់គ្រាប់បែកគីមីអាមេរិក ដែលបន្សល់ទុកពីសម័យសង្រ្គាម ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៕