ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ស្នើភាគីពាក់ព័ន្ធបន្តសហការជាមួយគ្នា ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានស្នើភាគីពាក់ព័ន្ធបន្តសហការជាមួយគ្នា ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទទួលបានលទ្ធផលល្អប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នេះជាសំណើរបស់លោក នុត សុខុម អនុប្រធាន គ.ជ.ប ដែលបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីលេខាធិការរាជធានី/ខេត្ត រៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

លោក នុត សុខុម បានបញ្ជាក់យ៉ាងដូច្នេះថា «សំណូមពរដោយសេចក្តីគោរពចំពោះលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បើទោះបីជាមានភាពលំបាកយ៉ាងណា ក៏សូមមេត្តាយកចិត្តទុកដាក់ ទាំងនៅលើមន្ត្រីជំនាញកុំព្យូទ័រ ក៏ដូចជាការថែទាំ ប្រើប្រាស់សម្ភារបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឲ្យល្អប្រសើរ»

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៨។

បើតាមលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោត​ មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយ៖

១៖ ការស្រង់ និងលុបឈ្មោះ អ្នកបោះឆ្នោតរួមមាន៖
* អ្នកដែលទទួលមរណភាព

* អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន

* អ្នកដែលបានផ្លាស់លំនៅស្ថាន ឬទីសំណាក់ចេញពីឃុំ សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត។

២៖ ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាម៉ីខ្លួន ដោយមានឯកសារសំអាងត្រឹមត្រូវ

៣៖ ការចុះឈ្មោះបោះឆ្នោតសំដៅលើ៖

* ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក

* ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

* ប្រជាពលរដ្ឋដែលទើបបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ដែលត្រូវចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ដែលសាម៉ីខ្លួនត្រូវបោះឆ្នោត។

អគ្គលេខាធិការរងរូបនេះបន្តថា បន្ទាប់ពីទទួលបានទិន្នន័យអំពីការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងរៀបចំជាបញ្ជីបោះឆ្នោតដំបូង ដើម្បីឲ្យប្តឹងតវ៉ា ឬប្តឹងជំទាស់ ហើយពេលបញ្ចប់ការដោះស្រាយបណ្តឹង គ.ជ.ប នឹងផ្តល់សុពលភាព ជាបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨៕

អត្ថបទទាក់ទង