ខ្មែរប៉ុស្ដិ៍ Close

វិទ្យាស្ថានជាតិ​ស្រាវជ្រាវ​របស់​​ជប៉ុន​ប្រគល់​វត្ថុបុរាណ​ដែលបាន​ពីកំណាយ​ស្រាវជ្រាវ​និង​ជួសជុល​នៅ​តំបន់​អង្គរ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
វិទ្យាស្ថានជាតិ​ស្រាវជ្រាវ​របស់​​ជប៉ុន​ប្រគល់​វត្ថុបុរាណ​ដែលបាន​ពីកំណាយ​ស្រាវជ្រាវ​និង​ជួសជុល​នៅ​តំបន់​អង្គរ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថានជាតិ​ស្រាវជ្រាវ​របស់​​ជប៉ុន​ប្រគល់​វត្ថុបុរាណ​ដែលបាន​ពីកំណាយ​ស្រាវជ្រាវ​និង​ជួសជុល​នៅ​តំបន់​អង្គរ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា

កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោក Hiroshi SUGIYAMA ប្រធានគម្រោងវិទ្យាស្ថានជាតិ​ស្រាវជ្រាវណារ៉ា​របស់​ប្រទេស​ជប៉ុន បាននាំយកវត្ថុបុរាណដែលបានពី​ការធ្វើ​កំណាយ​ស្រាវជ្រាវនៅឡតានីនិងការជួសជុលប្រាសាទតុបខាងលិច មក​ប្រគល់​ជូន​អាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។

វត្ថុបុរាណទាំងនេះមានបំណែកកុលាលភាជន៍ដែលបានពីកំណាយស្រាវជ្រាវនៅឡតានី និងបំណែកតូចល្អិតធ្វើពីលោហធាតុ ដែល​សង្ស័យ​ថាជារបស់ដែលគេយកមកធ្វើពិធីបូជាអ្វីមួយនៅប្រាសាទតុបខាងលិច។ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា មានសេចក្តីរីករាយ​ក្នុង​ការ​គោរពទៅតាមច្បាប់បេតិកភណ្ឌនៃប្រទេសកម្ពុជា និងមានមោទកភាពណាស់ ដែលបានចូលរួមចំណែកក្នុងថែរក្សា ការពារ ជួសជុល និងអភិរក្សនូវសំណង់បុរាណក្នុងតំបន់អង្គរ ព្រមទាំងការស្រាវជ្រាវនៅទីនេះផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងពិធីទទួលនូវវត្ថុទាំងនោះបានកត់សម្គាល់ថា វិទ្យាស្ថានជាតិ​ស្រាជ្រាវ​ណារ៉ា​របស់ប្រទេសជប៉ុន គឺជាស្ថាប័នអន្តរជាតិទី១​ដែលបានប្រគល់នូវបុរាណវត្ថុដល់អាជ្ញាធរជាតិអប្សរាក្រោយធ្វើការស្រាវជ្រាវរួចរាល់។ ការប្រគល់វត្ថុបុរាណទាំងនោះមកអាជ្ញាធរជាតិអប្សរានាពេលនេះ គឺតបតាមការអំពាវនាវរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលលោក​ជំទាវបាន​អំពាវនាវនា​ឱកាស​ជួបប្រជុំជាមួយ​ស្ថាប័ន​អន្តរជាតិបំពេញភារកិច្ចក្នុងរមណីយដ្ឋានអង្គរឱ្យបញ្ជូនវត្ថុបុរាណនានាដែលប្រទះឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវឬជួសជុល មកអាជ្ញាធរជាតិអប្សរាដើម្បីចុះបញ្ជីសារពើភណ្ឌក្នុងក្របខណ្ឌជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ឯកឧត្តម ហង់ ពៅ បន្តទៀតថា វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាអំពីប្រវត្តិ ចុះបញ្ជីសារពើភណ្ឌ និងធ្វើ​ការជួសជុល​អភិរក្សនូវបុរាណវត្ថុសិល្បៈទាំងនេះឱ្យបានល្អប្រសើរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ​វិទ្យាស្ថានជាតិ​ស្រាវជ្រាវណារ៉ា ដែលមានកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរជាតិអប្សរាជាច្រើនឆ្នាំលើកិច្ចការអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់អង្គរ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនមនុស្ស និងការផ្តល់ការងារដល់អ្នកជំនាញខ្មែរផងដែរ៕

ប្រភពពី៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បវធម៌ និងវិចិត្រសិល្បៈ

អត្ថបទទាក់ទង