ខ្មែរប៉ុស្ដិ៍ Close

    ប្រជាពលរដ្ឋសាទរចំពោះមន្ត្រីជំនាញ ដែលបានចុះត្រួតពិនិត្យជញ្ជីងអាជីវករ និងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1889
    ប្រជាពលរដ្ឋសាទរចំពោះមន្ត្រីជំនាញ ដែលបានចុះត្រួតពិនិត្យជញ្ជីងអាជីវករ និងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹមប្រជាពលរដ្ឋសាទរចំពោះមន្ត្រីជំនាញ ដែលបានចុះត្រួតពិនិត្យជញ្ជីងអាជីវករ និងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹម

    ប៉ៃលិន៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប្រជាពលរដ្ឋទាំងអាជីវករអ្នកលក់ និងអ្នកទិញ មានសេចក្តីត្រេកអរ និងអបអរសាទរចំពោះមន្ត្រីជំនាញ ដែលដឹកនាំដោយ លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានសហការជាមួយអជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យរង្វាស់រង្វាល់ជញ្ជីងរបស់អាជីវករ ព្រមទាំងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្តល់នូវសេវាសាធារណៈមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រឹត្តភាព តម្លាភាព ជូនដល់ប្រជាពលរដ្ឋ។

    ប្រជាពលរដ្ឋដែលជាអ្នកទិញ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ជញ្ជីងយុត្តិធម៌នៅផ្សារប៉ាងរលឹម របស់មន្ត្រីជំនាញនានេះ គឺធ្វើឱ្យរូបគាត់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានមកទិញទំនិញនានា ពីផ្សារទៅ គឺមិនមានការព្រួយបារម្ភពីការថ្លឹងទំនិញ ជាពិសេសគឺមានទំនុកចិត្តថា ទំនិញដែលពួកគាត់ទិញទៅគឺគ្រប់គីឡូ គ្មានការកេងប្រវ័ញ្ញភ្នែកជញ្ជីងពីអាជីវករ។ ចំណែកក្រុមអាជីវករលក់បន្លែ មាន់ ត្រី សាច់ នៅក្នុងប៉ាងរលឹម ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណ ដល់មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដែលបានចុះមកត្រួតពិនិត្យមើលជញ្ជីងរបស់អាជីវករពួកគាត់ និងបានដាក់ជញ្ជីងយុត្តិធម៌ នៅក្នុងផ្សារនេះ ដែលធ្វើឱ្យមានទំនុកចិត្តទាំងអាជីវករ និងអ្នកទិញ។

    នាឱកាសនោះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានថ្លែងអំណរគុណដល់ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានរៀបចំដាក់ជញ្ជីងយុត្តិធម៌ សំរាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកទិញ និងអាជីវករលក់នៅក្នុងផ្សារ ទទួលបានភាពយុត្តិធម៌ និងស្មើភាពគ្នា ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែមកទិញទំនិញនានា នៅក្នុងផ្សារព្រំថ្មី សូមកុំមានការព្រួយបារម្ភការកេងប្រវ័ញ្ញភ្នែកជញ្ជីងទៀត ព្រោះពេលនេះមន្ត្រីជំនាញ បានដាក់ជញ្ជីងយុត្តិធម៌ នៅក្នុងផ្សារហើយ។

    លោក ដួង អ៊ីម អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ការយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹមនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋជាអ្នកទិញ និងបងប្អូនអាជីវករជាអ្នកលក់ ដើម្បីផ្តល់នូវសេវាសាធារណៈមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រឹត្តភាព តម្លាភាព ជាពិសេស គឺផ្តល់ជំនឿចិត្តគ្នា ជាសវាងការកេងប្រវ័ញ្ញ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានបន្តថា ផែនការបន្តរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត គឺនឹងបន្តចុះត្រួតពិនិត្យរង្វាស់រង្វាល់ នៅតាមផ្សារទូទាំងខេត្តប៉ៃលិនឱ្យបានជាប្រចាំ ហើយក្នុងនោះមន្ត្រីជំនាញនឹងបន្ត ចុះពិនិត្យរង្វាស់រង្វាល់តាមការ៉ាស់សាំង និងជញ្ជីងថ្លឹងកសិផល តាមសៃឡូទទួលទិញកសិផលពីប្រជាពលរដ្ឋ។

    គួរបញ្ជាក់ថា នៅខេត្តប៉ៃលិន គឺមានផ្សារធំៗចំនួន៤ ដែលបានដាក់ជញ្ជីងយុត្តិធម៌រួចរាល់ គឺទី១-ផ្សារសាលាក្រៅ ទី២-ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ទី៣-ផ្សារព្រំថ្មី និងទី៤-ផ្សារប៉ាងរលឹម ដែលមន្ត្រីជំនាញរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដាក់ជញ្ជីងនាពេលនេះ៕

    អត្ថបទទាក់ទង