ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ មក៤ឃុំ ក្នុងស្រុកទ្រាំង
ព្រឹកថ្ងៃសុក្រ១៣កើត ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ គ. ស២០១៧ ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង បាននាំយកអំណោយដែលបានមកពីការគៀងគរពីសប្បុរសជនមកពីប្រទេសម៉ាឡេស៊ី ចែកជូនប្រជាពលរដ្ឋចំនួន៣២៣គ្រួសារ មកពី៤ឃុំ គឺឃុំរនាម ខ្វាវ ព្រៃស្លឹក ប្រាំបីមុំក្នុងស្រុកទ្រាំង។
ឯកឧត្តមវេជ្ជបណ្ឌិតបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំង៣២៣ គ្រួសារថារាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ តែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងសុខទុក្ខរបស់បងប្អូន ហើយតែងតែនៅក្បែបងប្អូនជានិច្ច។ ជាក់ស្តែងអំណោយដែលចែកជូនបងប្អូនថ្ងៃនេះគឺបានមកពីការគិតគូរទាំងនេះហើយទើបក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំងបានខិតខំកៀរគរពីសប្បុរសជននានាដើម្បីសម្រាលដល់ការលំបាករបស់បងប្អូន។
ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើបងប្អូនត្រូវយកចិត្តទុកដាក់ចំពោះអនាម័យសុខភាពខ្លួនឯងជៀសវាងកុំឱ្យកើតជម្ងឺឈឺថ្កាត់នានាដែលនាំឱ្យខាតទាំងពេលវេលា និងថវិកា។ ឯកឧត្តមបន្តថារាជរដ្ឋាភិបាលក៏មានគោលនយោបាយព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរដែលនេះគឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខមាលភាពរបស់បងប្អូន។
ជាចុងក្រោយឯកឧត្តមក៏បានជម្រុញដល់បងប្អូនត្រូវបញ្ចូនកូនៗរបស់ខ្លួនឱ្យបានចូលរៀនគ្រប់ៗគ្នាដើម្បីក្លាយជាធនធានក្នុងការអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ហើយឯកឧត្តមនឹងបន្តគៀគរសប្បុរសជនមកជួយដល់បងប្អូនបន្តទៀត ហើយអំណោយទាំងនេះនឹងចែកជូនដល់ឃុំផ្សេងៗទៀត ៣ខែម្តង។
អំណោយដែលចែកជូនទាំងអស់រួមមាន អង្ករ ៨តោន៧៥គក ប្រេងឆា ៦៤៦ដប ត្រីខ ៣២៣ឡូត៍
អំបិល ៣២៣គក ទឹកត្រី ៦៤៦ដប នំប៉័ង ៣២៣ដើមទឹកសុទ្ធ ៣២៣ដប។