ខ្មែរប៉ុស្ដិ៍ Close

ទស្សនាការធ្វើដំណើរទៅកាន់ទឹកធ្លាក់​អូរជាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 76
ទស្សនាការធ្វើដំណើរទៅកាន់ទឹកធ្លាក់​អូរជាំ ទស្សនាការធ្វើដំណើរទៅកាន់ទឹកធ្លាក់​អូរជាំ

ទោះបី​ជាផ្លូវ​ឆ្ពោះ​ទៅកាន់​តំបន់​រមណី​យដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ មាន​សភាព​លាយឡំ​ទៅ​ដោយ​ការធ្វើ​ដំណើរ​ស្រួល​ខ្លះ និង​ពិបាក​ខ្លះ​បន្តិចមែន តែការ​ដើរ​កម្សាន្ត​មាន​សម្រស់​ទេសភាព​ព្រៃ​ឈើដុះ​ចោល​ម្លប់ដ៏​ត្រឈឹង​ត្រឈៃ​សងខាង និងមាន​ចរន្តទឹក​ធ្លាក់​រឹមៗ តាម​ផ្លូវដើរ​ដ៏ត្រជាក់​ស្រេង​មក​ប៉ះកាយ ដែល​មាន​ប្រភព​ហូរធ្លាក់​ពីកំពូល​ភ្នំសំកុះ​មួយនេះ​ តែងតែ​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​ក្រុមភ្ញៀវ​ទេសចរ​ចាស់ក្មេង​ទាំង​នៅទីជិត និង​ឆ្ងាយ​ទៅងូត​លេង​កម្សាន្ត​មិនលស់​ថ្ងៃនោះ​ឡើយ។

ទឹក​ធ្លាក់​អូរជាំ ឬទឹក​ជ្រោះ​អូរជាំ មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​អូរជាំ ឃុំកំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឬជាការ​ងាយស្រួល​ចំណាំ​គឺនៅ​ពេល​ទៅដល់​ភូមិ​អូរជាំ ឃើញ​ច្រកចូល​មានដាក់​ស្លាក​ថា «ប៉ុស្តិ៍​ប្រជា​ការពារ​»។

នៅទីនេះ​មាន​ទឹកធ្លាក់​ច្រើន​អន្លើ​ ដែល​អម​ដោយ​​ព្រៃឈើ​ដុះ​ស្រោង​ចោល​ម្លប់​ត្រជាក់​ស្រួល​ និងមាន​ផ្ទាំង​ថ្មតូច​ធំជា​ច្រើន​ ដុះនៅ​រដិបរដុប​ ដោយ​មាន​ចម្ងាយ​ប្រមាណ​ប្រវែង​ជាង ៥០០ ម៉ែត្រគិត​ពីដំណាក់​ទឹក​ធ្លាក់នៅ​ជាន់លើ​បង្អស់​រហូតមក​ដល់ដំណាក់​ជាន់ក្រោម​បំផុត​ជាមួយ​នឹងសម្រស់​ព្រឹក្សា​ខៀវ​ស្រងាត់។ទីនេះ​មិន​ប្រកាន់​ថា នៅ​រដូវ​ប្រាំង ឬ​រដូវវស្សា​នោះទេ មាន​ភ្ញៀវច្រើន​ចូលចិត្ត​មក​ងូតទឹក​លេង​បែប​លក្ខណៈ​ក្រុម​គ្រួសារ មិត្ដភក្តិ ឬ​ក្រុម​ការងារ​ មិនសូវ​ដាច់​ឡើយ​។ គ្រាន់តែ​រដូវ​បុណ្យ​ទាន​គឺមាន​ភ្ញៀវ​មក​លេង​ច្រើន​ ដូចជា​នៅកាល​ពីចូលឆ្នាំ​ខ្មែរ និងរដូវ​បុណ្យ​ភ្ជុំបិណ្ឌក​ន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ចំនួន​ក្បែរ ១​ ម៉ឺន ​នាក់​ ឯណោះ។

ទឹក​ធ្លាក់​អូរជាំ មាន​ទឹកហូរ​ខួប​ប្រាំង ខួប​វស្សា​តែម្តង ខណៈ​នៅរដូវ​ប្រាំងមាន​ទឹក​ហូរ​តិច​ជាង​នៅ​រដូវវស្សា​ តែអាច​មើល​ឃើញ​ដុំថ្មតូច​ធំជាច្រើន​ត្រូវជ្រែក​ដោយចរន្ត​ទឹក​ហូរ​តិចៗ។ ចំណែក​នៅរដូវ​វស្សាវិញ​ មាន​ទឹក​ច្រើន​ អាច​កន្លែង​ខ្លះមិន​ឃើញដុំ​ថ្មឡើយ។ សម្រាប់​ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​តិចតួច តែនៅ​ចុង​សប្តាហ៍​វិញ​រាង​គ្រាន់បើ។

អត្ថបទទាក់ទង