ខ្មែរប៉ុស្ដិ៍ Close

មេចលនាបដិវដ្ដន៍ពណ៌នៅកម្ពុជាទទួលមរណភាព!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 45
មេចលនាបដិវដ្ដន៍ពណ៌នៅកម្ពុជាទទួលមរណភាព! មេចលនាបដិវដ្ដន៍ពណ៌នៅកម្ពុជាទទួលមរណភាព!

កម្លាំងយុវជនរបស់គណបក្សសង្គ្រោះជាតិជាច្រើនរូប ត្រូវបានបញ្ជូនទៅបណ្តុះបណ្តាល នៅក្រៅប្រទេសក្នុងនោះរួមមាន ហ៊ីង សុខសាន្ត ដែលជាប្រធានចលនាយុវជនសង្គ្រោះជាតិ ដើម្បីសិក្សាពីវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌។ ប្រទេសផ្សេងៗដែលមានបដិវត្តន៍ពណ៌ កម្លាំងរបស់បក្សប្រឆាំងត្រូវបានបណ្តុះបណ្តាល ហើយអង្គការខាន់វ៉ាស់ (CANVAS) និងអង្គការដៃគូផ្សេងទៀត ត្រូវបានគេដឹងថា បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលនេះ។ ក្រៅពីនោះនៅកម្ពុជា អង្គការមួយចំនួនរួមមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអង្គការខុនរ៉ាដ អាឌិន ណៅអ៊ែរ (Konrad Adenauer) របស់អាល្លឺម៉ង់ជាដើមបានបង្រៀន និងជួយរៀបចំគោលនយោបាយគណបក្សសង្គ្រោះជាតិ ព្រមទាំងប្រាប់ពីធីសាស្ត្រ លម្អិត ដើម្បីបដិសេធការបោះឆ្នោត និងបំផ្ទុះការបាតុកម្មតវ៉ា ដើម្បីបង្កចលាចលនៅក្នុងប្រទេសឈានដល់ការផ្លាស់ប្តូររបបដឹកនាំស្របច្បាប់ចោល ក្រោមទម្រង់បដិវត្តន៍។

ហេតុដូច្នេះហើយបានជានៅពេលដែលមានការរំលាយគណបក្សសង្គ្រោះជាតិ ក្រោយពីរកឃើញភស្តុតាងក្បត់ជាតិនិងក្បត់ប្រជាពលរដ្ឋខ្មែរ ឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ ចន ម៉ាក់ខេន ដែលជាឪរបស់បក្សប្រឆាំង នៅកម្ពុជាបានស្វះស្វែងកៀងគរកម្លាំងក្នុងរដ្ឋសភា និងព្រឹទ្ធសភារបស់អាមេរិកធ្វើសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាទង្វើសងសឹកជំនួសកូនចឹងរបស់ខ្លួន សម រង្ស៊ី និង កឹម សុខា ដែលត្រូវបានចាប់ខ្លួន និងខ្លះរត់ចោលស្រុក ហើយបក្សក៏ត្រូវបានរំលាយតាមអំណាចសាលដីការបស់តុលាការកំពូល។ ទោះបីជាត្រូវបានរំលាយ និងរត់ ខ្ចាត់ខ្ចាយពីមាតុប្រទេស ប្រជាជនមិនស្វាគមន៍ ក៏អ្នកនយោបាយប្រឆាំងទាំងនេះនៅតែបន្តទាញឥទ្ធិពលចៅ ហ្វាយនាយរបស់ខ្លួនមកធ្វើបាបប្រជាជនកម្ពុជាដដែល។

ពួកគេពិតជាមិនមានការអៀនខ្មាសអ្វីឡើយក្នុងការ អង្វរបរទេសបំផ្លាញកម្ពុជាតាមរយៈការដាក់សម្ពាធនយោបាយ ទណ្ឌកម្មសេដ្ឋកិច្ច និងអំពាវនាវឱ្យឈប់ទិញ ទំនិញពីកម្ពុជា ឈប់ផ្តល់ជំនួយ និងឈប់វិនិយោគនៅកម្ពុជា ដោយហេតុថាចង់ឈ្នះពេក។ ចុងក្រោយនេះ ចន ម៉ាក់ខេន និងគូកនរបស់ខ្លួនបានធ្វើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធកម្ពុជាជាង ១០ រូប។ សេចក្តីស្នើច្បាប់ដែលបានឆ្លងសភា តែមិនទាន់ឆ្លងព្រឹទ្ធសភា និងការសម្រេចឱ្យ ប្រើប្រាស់ពីសំណាក់ប្រធានាធិបតីឡើយ។

នៅថ្ងៃទី២៦ ខែសីហា នេះ និមិត្តរូបបដិវត្តន៍ពណ៌នៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ចន ម៉ាក់ខេន បានលាចាកលោកនេះក្នុងជន្មាយុ ៨១ឆ្នាំ បន្ទាប់ពីបានតស៊ូនឹងជំងឺមហារីកខួរក្បាលជាច្រើនខែឆ្នាំមក។ មរណភាពរបស់ លោក ចន ម៉ាក់ខេន ពិតណាស់ជាការគួរឱ្យសោកស្តាយបំផុត សម្រាប់ក្រុមគ្រួសារ និងកូនចឹងនយោបាយរបស់គាត់ ប៉ុន្តែសម្រាប់ប្រទេសដែលរងគ្រោះដោយការអនុវត្តផែនការបដិវត្តន៍របស់ ចន ម៉ាក់ខេន វិញគឺការ ស្លាប់របស់ ចន ម៉ាក់ខេន គឺជាការស្លាប់និមិត្តរូបនៃការផ្លាស់ប្តូររបបដឹកនាំតាមបដិវត្តន៍ពណ៌ និងជាការកាត់បន្ថយនូវជនដែលធ្លាប់បានគាំទ្របដិវត្តន៍ពណ៌នៅកម្ពុជា។

ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក ក៏អាចនឹងហេលហាល នៅពេលដែលខ្លួនបាត់បង់អ្នកគាំទ្រដ៏ខ្លាំងក្លារបស់ខ្លួន។ តើមរណភាពរបស់ ចន ម៉ាក់ខេន អាចនឹងធ្វើឱ្យការគំរាមកំហែងពីមេគំនិតបដិវត្តន៍ពណ៌មកលើកម្ពុជាមានការធូរស្បើយទេ ខណៈអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ និងអ្នកអនុវត្តផែនការដោយផ្ទាល់ ត្រូវបានកម្ទេចហើយនោះ? ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរបានប្តេជ្ញាហើយថា ទោះបីជាក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាននេះឱ្យបានគង់វង្ស៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨

អត្ថបទទាក់ទង